បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS) និងវេទិកាអភិបាលក្រុងឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និសីទ (Marina Bay Sands Expo & Convention Centre ) ប្រទេសសិង្ហបុរី។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង
ការចូលរួមរបស់គណៈប្រតិភូខេត្តបាត់ដំបង ដោយមានការអញ្ជើញពីរដ្ឋាភិបាល នៃប្រទេសសិង្ហបុរី ដល់ខេត្តបាត់ដំបង ដើម្បីចូលរួម ក្នុងកិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS) និងវេទិកាអភិបាលក្រុងឆ្នាំ២០២២ ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។
សូមជម្រាបផងដែរថា កិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS)នេះ ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនាញផ្នែកឧស្សាហកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈម របស់ទីក្រុងដែលរស់នៅ និងប្រកបដោយនិរន្តរភាព ដោយចែករំលែកនូវដំណោះស្រាយរួមគ្នា និងបង្កើតភាពជាដៃគួរថ្មីៗ។ នៅក្នុងវេទិកានេះផងដែរ ក៏មានកម្មវិធីវេទិកាអភិបាលក្រុង កម្មវិធីពានរង្វាន់ទីក្រុងពិភពលោក (Lee Kuan Yew World City Prize) និងអ្នកដឹកនាំវ័យក្មេង ។ ក្នុងវេទិកានេះ ក៏មានសិក្ខាសាលា ស្តីពី ទីក្រុងឆ្លាតវៃ ដែលជាព្រឹត្តិការណ៍បណ្តាញទំនាក់ទំនងឈានមុខ ក្នុងដំណើរការគម្រោងទីក្រុងឆ្លាតវៃ ដោយការពិគ្រោះយោបល់ជាមួយអ្នកផ្តល់មូនិធិ និងដៃគូសមរម្យ៕