CAMSOC-សូឡូ៖ ថ្ងៃទី៣១ ខែកក្កដានេះ គឺជាថ្ងៃសប្បាយរីករាយបំផុតសម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ភាពសប្បាយរីករាយបានកើតមានឡើងសម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា បន្ទាប់ពីចូលរួមប្រ កួតថ្ងៃទី១ដោយបានឈ្នះមេដាយមាស១គ្រឿងជាលើកដំបូង។ ក្រុមបាល់បោះជិះរទេះពិការនារីកម្ពុជាបានប្រ កួតឈ្នះក្រុមកីឡាបាល់បោះពិការនារីថៃដោយលទ្ធផល ៧-៥ សម្រាប់វិញ្ញាសានារី៣ទល់៣នាក់។
ក្រោយអបអរសាទរ និងរំភើបរីករាយជាមួយក្រុមបាល់បោះជិះរទេះនារីកម្ពុជា ឯកឧត្តម យី វាសនា អគ្គលេខា ធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជាមកប្រទេសឥណ្ឌូនេស៊ី មានប្រសាសន៍ថា «ថ្ងៃនេះគឺជាថ្ងៃដ៏សប្បាយរីករាយបំផុត»។ នេះជាថ្ងៃទី៣ហើយ ប្រតិភូយើងខំប្រឹងយ៉ាងសស្រាក់សស្រាំខ្លាំងណាស់។ ដូចយើងបានសន្យាពីភ្នំពេញមកថា យើងបានកំណត់មេដាយមាសចំនួន៣គ្រឿង និងប្រាក់ សំរឹទ្ធជាច្រើនទៀត។ ឥឡូវនេះយើងបានមេដាយមាស១ហើយ។ ក្រុមបាល់បោះពិការជិះរទេះនារីកម្ពុជា ៣ទល់៣ យើងបានសម្រេចគឺបានមេដាយមាសហើយ។ ក្រុមនារីនៅមានប្រកួតវិញ្ញាសា៥ទល់៥ទៀត»។
ឯកឧត្តមបន្តថា «ក្រៅពីនោះទៀត កីឡាខ្លះចាញ់ កីឡាខ្លះក៏ឈ្នះ រួមមានកីឡាបាល់ទះអង្គុយកាលពីព្រឹកមិញនេះទទួលបានជោគជ័យលើក្រុមហ្វីលីពីនគឺ៣សិត០តែម្តង។ ថ្ងៃស្អែកបាល់ទះអង្គុយកម្ពុជាយើងនឹងជួបដៃគូចាស់ សងសឹកគឺភូមា។ ប្រសិនបើថ្ងៃស្អែកឈ្នះក្នុងការប្រកួតវិលជុំ យើងនឹងឡើងទៅវគ្គមេដាយប្រាក់ និងមេដាយមាស»។
«គណៈប្រតិភូយើងដែលដឹកនាំដោយឯកឧត្តម ម៉ានី ឯកឧត្តម វ៉ាត់ ចំរើន កំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត។ ខ្ញុំជឿថា បទពិសោធន៍នេះនឹងចាប់យកបាន ហើយយកទៅវិញ កែច្នៃយ៉ាងមិចឲ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសហគមន៍អាស៊ាន។ មិនត្រឹមតែអត្តលិករបស់យើងទេដែលទទួលបានជោគជ័យ ហើយជាអំណរសាទររបស់យើងទាំងអស់គ្នា។ សូមជូនពរ និងអរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលទន្ទឹងរង់ចាំព័ត៌មានពីកីឡាជនពិការកម្ពុជានៅអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី»។ ឯកឧត្តម យី វាសនា បានបញ្ជាក់។
ឯកឧត្តមនាយបេសកកម្មបានបន្តរៀបរាប់ថា ៖«ខ្ញុំសូមជម្រាបជូនថា កាលពីម្សិលមិញមានកម្មវិធីបើកជាផ្លូវការពេលល្ងាច។ គណៈប្រតិភូយើងទាំងអស់បានទៅចូលរួមក្នុងពិធីបើកដើម្បីពិនិត្យមើលការរៀបចំរបស់គេ។ ក្នុងនោះក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺឯកឧត្តមបានអង្គុយនៅលើវេទិកាជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌូនេស៊ី ហើយកម្ពុជាត្រូវបានស្វាគមន៍គ្រប់ទីកន្លែងទាំងអស់ ដោយសារកម្ពុជាជាម្ចាស់ផ្ទះ បន្ទាប់ពីឥណ្ឌូនេស៊ី។ យើងសង្ឃឹមថា កម្ពុជានឹងមានសក្តានុពលច្រើន ហើយបណ្តាប្រទេសអាស៊ានកំពុងរង់ចាំជួយកម្ពុជា»។
អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕