បាត់ដំបង៖ កងកម្លាំងចម្រុះ នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំង កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានចុះប្រតិបត្តិការ ឃាត់ខ្លួនក្រុមក្មេងប្រមូលផ្តុំគ្នាតាមទីសាធារណៈពេលយប់យ៉ាងអាណាធិបេយ្យ ស្ថិតនៅចំណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះនៃស្នងការរដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនក្រុមក្មេងៗទំយើល សរុបចំនួន៧៩នាក់ ស្រី១៩នាក់ ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញ មុខសញ្ញាជួញដូរថ្នាំញៀនចំនួន០២នាក់ និងប្រើប្រាស់ដំបង ព្រមទាំងកាំបិតចំនួន០១នាក់ផងដែរ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងក្រោយប្រតិបត្តិការណ៍កម្លាំងសមត្ថកិច្ចចម្រុះដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក០៤ថង់ នឹង យ៉ាម៉ា២៤គ្រាប់កន្លះ រួមនឹងអ្នកមានផ្ទុកសារធាតុញៀន ចំនួន០៦នាក់ គឺមានស្រី០៤នាក់។
បន្ទាប់ពីធ្វើការសាកសួរមុខសញ្ញាជួញដូរ ពួកគេទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯអ្នកមានផ្ទុកសារធាតុញៀចំនួន០៦នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលអប់រំបន្សាបសារធាតុញៀន ក្រៅពីនោះធ្វើការអប់រំណែនាំឱ្យអាណាព្យាបាលមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕