ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ ចុះពង្រឹងកម្លាំងចាប់ផ្តើមពីខេត្តកណ្តាលប្រទេសកម្ពុជា

0
480

កំពង់ធំ៖ ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ សុត នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានចាប់ផ្តើមចុះពង្រឹងកម្លាំងស្នូលមូលដ្ឋានរបស់ខ្លួនចេញពីខេត្តកណ្តាលប្រទេសកម្ពុជា នោះគឺខេត្តកំពង់ធំ ដើម្បី​​ជាសញ្ញាបង្ហាញពីការពង្រីកកម្លាំង និងភាពរឹងមាំ មិនរង្គោះរង្គើររបស់ខ្លួនសម្រាប់ការផ្សព្វផ្សាយនៅទូទាំងប្រទេស។

កម្លាំងស្នូលមូលដ្ឋាន ត្រូវបានប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ បង្ហាញថា មានសារៈសំខាន់ខ្លាំងណាស់ក្នុងពេលនេះ ដែលគណបក្សខ្មែរស្រឡាញ់ជាតិ បានឆ្លងកាត់ព្យុះភ្លៀងនាតំណាក់កាលចុងក្រោយ ហើយអាចឈរជើងបានដោយមិនរលំតាមព្យុះភ្ញៀងនោះឡើយ។

មិនរលំព្រោះតែភាពជឿជាក់របស់សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន ដែលមានជំនឿលើក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលនៅតែបន្តស្មារតីសង្គ្រោះជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដូចគោលការណ៍របស់គណបក្សដែលបានដាក់ចេញនាពេលកន្លងមក។

លោក ​សៀវ ​សុត បន្តថា ក្នុងនាមលោកជាអ្នកតស៊ូមួយរូប លោកមិនចង់ឱ្យការលះបង់តស៊ូតរបស់ថ្នាក់ដឹកនាំមូលដ្ឋាន បានត្រឹមតែការដោះដូរត្រឹមតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្ទួចនោះឡើយ គឺត្រូវចេះច្នៃឱ្យការតស៊ូរបស់យើង ក្លាយទៅជាប្រយោជន៍ និងគុណតម្លៃដ៏ធំបំផុតសម្រាប់ពលរដ្ឋ និងជាតិ។

សូមជំរាបថា គណបក្សខ្មែរស្រឡាញ់ជាតិ ក្រោយរងនូវភាពរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំង កាលពីចុងខែកក្កដាកន្លងទៅ ដែលត្រូវប្រធានគណបក្សរបស់ខ្លួនប្រកាសរំលាយនោះ ពេលនេះបានឈរជើងយ៉ាងរឹងមាំវិញហើយ ក្រោមការដឹកនាំសម្របសម្រួលរបស់លោក សៀវ សុត អតីតអគ្គហេរញ្ញិកគណបក្ស ដែលត្រូវបានគណៈកម្មាធិការនាយក បោះឆ្នោតសម្រេចផ្តល់ទំនុកចិត្តជាប្រធានស្តីទីបណ្តោះអាសន្នក្នុងអន្តរកាលនេះ ដើម្បីដឹកនាំគណបក្សរៀបចំរចនាសម្ព័ន្ធ និងក្បាលម៉ាស៊ីជាថ្មី ក្នុងដំណើរឆ្ពោះទៅចូលរួមការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ ជាការឆ្លើយតបតាមតម្រូវការ និងការផ្តល់ទំនុកចិត្តពីសំណាក់អ្នកគាំទ្រ ដែលស្មោះស្ម័គ្រ និងនៅតែបន្តស្មារតីសង្គ្រោះជាតិជាមួយគណបក្សមួយនេះ សម្រាប់ជាសម្លេងនៅមូលដ្ឋានជួយដល់ពួកគាត់ដែលកំពុងត្រូវការ និងប្រ​ឈមបញ្ហា៕