បាត់ខ្លួន២៣នាក់ ក្នុងហេតុការណ៍លិចទូកនៅខេត្តព្រះសីហនុ អាជ្ញាធរប្រកាសដល់ក្រុមជួយសង្គ្រោះ ផ្តល់ថវិកា២លានរៀល ក្នុងការសង្គ្រោះជនរងគ្រោះម្នាក់

0
295

ព្រះសីហនុ៖ កាលពីវេលាម៉ោង១០និង៣០​នាទីព្រឹក​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលម៉ិញនេះ មានករណីលិចទូកចំនួន០១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមកាម១០.២៥N/១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។​

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿង និង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។

ក្រោយធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត១៩៩៥ ដែលមានស្រុកំណើតនៅខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិន សរុបចំនួន៤១នាក់ (ស្រី០៣នាក់) សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន២៣នាក់ (ស្រី០៣នាក់)។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះដែលបាត់ខ្លួនចំនួន២៣នាក់បន្តទៀត។

ជាមួយគ្នានេះ កម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី  ដោយឡែកទូកត្រូវបានរក្សាទុកនៅអង្គភាព។

ក្នុងនោះប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ដែលបានខ្លួនទាំង២៣នាក់ បាននិងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រដែលជាទីតាំងលិចទូក និងក្នុងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រកាសជូនដំណឹងដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះម្នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀលផងដែរ៕