សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឱ្យបានល្អ ចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក និងត្រូវថែរក្សាសុខភាព បង្កាជំងឺរាករូស ព្រមទាំងការការពារពីការយាយីរបស់សត្វអាសិរពិស ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងជាបន្តទៀត។
ក្នុងនោះខេត្ត បាននឹងកំពុងពិនិត្យស្ថានភាព និងជំរុញដល់អាជ្ញាធរស្រុកទាំង៨ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីសហការដើម្បីរៀបចំផែនការអន្តរាគមន៍ និងតាមដានដោយយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឱ្យបានច្បាស់លាស់ ដើម្បីធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមការលិចលង់ផ្ទះសម្បែងមកកាន់ទីទួលសុវត្ថិភាព និងត្រៀមបង្ការឆ្លើយតបចំពោះគ្រោះមហន្តរាយនានាដែលនឹងអាចកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននឹងកំពុងតាមដាន និងចាត់វិធានការបង្ការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។
សូមជម្រាបថា បើយោងលើស្ថានភាពធាតុអាកាស ខេត្តសៀមរាប បានទទួលរងនូវឥទ្ធិពលខ្យល់មូសុងននិរតី និងប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឱ្យខេត្តសៀមរាប មានខ្យល់ ភ្លៀងធ្លាក់យ៉ាងខ្លាំងខុសប្រក្រតី។ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៨៧២គ្រួសារ ភូមិចំនួន១៨៤ភូមិ ឃុំចំនួន៤១ នៃស្រុកចំនួន៨ រួមមាន ស្រុកស្រីស្នំ,ស្រុកក្រឡាញ់,ស្រុកជីក្រែង,ស្រុកអង្គរជុំ,ស្រុកវ៉ារិន,ស្រុកពួក,ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ដែលបង្កឱ្យមានផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង។
ក្រៅពីរងផលប៉ះពាល់ដល់លំនៅឋាននិងប្រជាពលរដ្ឋនោះ ទឹកជំនន់នេះ បានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦,១២៥ហិកតា ដំឡូងមីចំនួន១,៥៧៨ហិកតា លិចទីធ្លាសាលារៀន៣៣កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៤កន្លែង អាគាររដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល០៧កន្លែង លិចបរិវេណវត្០៦កន្លែង លិចផ្លូវប្រវែង៧៨.៤២៦ម៉ែត្រ និងខូចខាតប្រវែង២.៣៦៦ម៉ែត្រ លិចខ្នងទំនប់ខ្នប្រឡាយ ប្រវែង១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង៩៥ម៉ែត លិចស្ពាន០១កន្លែង និងខូចខាតប្រវែង១០ម៉ែត្រ ងាប់គោចំនួន០១ក្បាល ងាប់មាន់ទាសរុបចំនួន ៦៧៦ក្បាល៕