ភ្នំពេញ៖ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ព្រមទាំងអនុប្រធាន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលជួបជូនពរលោក កឹម សុខា និងគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់គេហដ្ឋាននាទីក្រុងភ្នំពេញ។
ក្រោយជំនួបលោក កឹម សុខា ថា នេះគឺជាកិត្តិយសណាស់ ដែលលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី បានយកពេលវេលាដ៏មានតម្លៃការទូតមកសម្តែងការគួរសមជាមួយរូបលោក និងក្រុមគ្រួសារ ក្នុងឱកាសដ៏សំខាន់របស់ប្រជាពលរដ្ឋខ្មែរពេលនេះ ពិតជាមានអត្ថន័យថ្លៃថ្លា។
ព្រមជាមួយគ្នានោះ លោក កឹម សុខា ក៏បានជូនពរឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប និងសហការី សូមឱ្យមានសុខភាពល្អ និងបន្តជោគជ័យបេសកកម្មការងារទូត ជាពិសេសសូមឱ្យមិត្តភាពរវាងប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋសហភាពអឺរ៉ុបកាន់តែរឹងមាំឡើង៕