បាត់ដំបង៖ តាមព័ត៌មានបឋមកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្រោមការសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមការសហបន្ថែមជាមួយសមត្ថកិច្ចនៃប្រទេសថៃ បានធ្វើការឃាត់ខ្លួនបានហើយ ជនសង័្សយក្នុងករណី សម្លាប់ស្រ្តី ក្នុងរថយន្តព្រូស(PRIUS)មួយគ្រឿង យកមកប្លុងចោលនៅក្រោយផ្សារភូពុយ ស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ជនសង្ស័យមានឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ដោយក្នុងនោះ កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គឺមានការប្រទះឃើញស្ត្រីម្នាក់បានស្លាប់ នៅបាំងខាងក្រោយនៃរថយន្តព្រូស (PRIUS) ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមការស្រាវជ្រាវនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញ។
ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្ត កាលពីថ្ងៃកាន់បិណ្ឌទី១ គឺអំឡុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ហើយបាត់ការទាក់ទងតាមទូរស័ព្ទ ចាប់ពីថ្ងៃទី១២ រហូតដល់ពេលប្រទះឃើញរថយន្តនិងសាកសពតែម្តង។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនដៃដល់រូបនេះបានសារភាពថា រូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះខាងលើពិតប្រាកដមែន ដែលការសម្លាប់នេះ ប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេនិងជនរងគ្រោះកើតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមដំណើរ ហើយការសម្លាប់នេះ ធ្វើឡើងនៅជាយរាជធានីភ្នំពេញ រួចក៏បានបើករថយន្តដឹកសពស្រ្តីរូបនោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង នាអំឡុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ រួចក៏បានគេចខ្លួន រហូតដល់រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទើមានគេប្រទះឃើញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមានក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ៕
ទោះជាយ៉ាងនេះក្តី ជនសង័្សយខាងលើ បានត្រឹមតែឆ្លើយប្រាប់សម្ថកិច្ចថា រូបគេជ្រុលដៃរហូតធ្វើឱ្យស្រ្តីរូបនេះស្លាប់ ក្នុងពេលដែលរូបគេប្រើហិង្សា ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។ ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត និងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕