ក្រុមការងារអាជ្ញាធរជាតិអប្សរា រំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសការជន់លិច

0
1113

សៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឹកតាមទ្វារទឹក នៅតំបន់ប្រាសាទមួយចំនួន ដើម្បីបង្ការកុំឱ្យទឹកជន់លិចប្រាសាទ។

សូមជម្រាបថា ឥទ្ធិពលនៃព្យុះណូរុ ពីប្រទេសហ្វីលីពីន បានបណ្ដាលឱ្យប្រទេសកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើន និងបណ្ដាលឱ្យ​ជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ ចំណែកនៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រ​មូល​ទុក និងខ្លះត្រូវបានរំដោះចេញ ដោយសារបរិមាណហួសកម្រិត។

តាមរបាយការណ៍សង្ខេបពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារបានរំដោះទឹក នៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម។ល។ បញ្ជៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។ ក្រៅពីការងារខាងលើនេះ ក៏បានប្រមូលទឹកដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ក្នុងការធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ មានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនិងកសិន្ធុព្រះខ័នជាដើម៕