ភ្នំពេញ៖ ទីបំផុតទៅ ក្តីស្រមៃរបស់លោក គង់ គាំ អ្នកនយោបាយចាស់វស្សា និងពោរពេញដោយបទពិសោធ បានក្លាយជាការពិតហើយ ក្រោយដឹកដៃកូនប្រុសពៅ ជាប្រធានគណបក្សឆន្ទៈខ្មែរ ចូលជ្រកក្រោមស្លាបគណបក្សភ្លើងទៀន កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
ឆ្វេងដៃ (គង់ មុនីកា.គង់ គាំ.ទាវ វណ្ណុល.ថាច់ សេដ្ឋា)
មួយថ្ងៃ នៃការដឹកដៃកូនប្រុសពៅ ប្រគល់បក្សឆន្ទៈខ្មែរ ជូនបក្សភ្លើងទៀន លោក គង់ គាំ ត្រូវបានគណបក្សដុះស្លែមួយនេះ តែងតាំង ជាឧត្តមទីប្រឹក្សា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មិនឱ្យដល់២៤ម៉ោងផង ដើម្បីបង្ហាញមហាជន និងសកម្មជនមូលដ្ឋាននៃគណបក្សឆន្ទៈខ្មែរ ដែលរកតែ១អាសនៈ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មិនបាននោះ ឱ្យដឹងថា ពេលនេះ លោក គង់ គាំ បានដឹកនាំដៃកូនប្រុសពៅ ចូលមករួមរស់ជាមួយគណបក្សភ្លើងទៀនហើយ។ ដូច្នេះ ថ្នាក់មូលដ្ឋានត្រូវបង្វែចង្កូតមករស់នៅក្រោមក្លៀកគណបក្សភ្លើងទៀនដូចគ្នា ព្រោះបើខំប្រឹងបន្តក៏គ្មានបានលទ្ធផលអ្វីដែរ មានតែចូលបក្សភ្លើងទៀនទើបមានសំណាងខ្លះ។
មានសំណាង អ្នកតាមដានថាបានតែលោក គង់ គាំ និងកូនប្រុស អមដោយសេនាឆ្វេងស្តាំ ដែលអាចនិងបានតួនាទីខ្ពស់ ឬបេក្ខជនពេញសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ខាងមុខប៉ុណ្ណោះ រីឯរចនាសម្ព័ន្ធតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត និងរាជធានី បន្តធ្វើការងាររួមគ្នាចុះ ចាំបោះឆ្នោតមូលដ្ឋានអាណត្តិក្រោយ ជជែកគ្នាដាក់បេក្ខភាពជាថ្មីក៏មិនយឺតពេលដែរ តែពេលនេះមេៗសុំយកតំណែង និងតួនាទីមុនហើយ។
យ៉ាងណា មហាជន អ្នកវិភាគ អ្នកតាមដាស្ថានការណ៍នយោបាយកម្ពុជាមួយចំនួនក៏សាទរ និងមួយចំនួនទៀត គិតថា សម្រាប់អ្នកនយោបាយអ្វីក៏អាចធ្វើទៅរួចដែរ ដើម្បីអំណាច និងតំណែងរបស់ខ្លួន សរុបជារួមពលរដ្ឋនៅតែជាអ្នកចាញ់ មានតែលោកធំថ្នាក់លើទេ ដែលជាអ្នកឈ្នះ និងធំរហូត៕
គង់ គាំ
#TNTV #CLP #គណបក្សភ្លើងទៀន #គណបក្សឆន្ទៈខ្មែរ #KongKorm #គង់គាំ