លោក ពេជ ស្រស់ ហៅការរួមរួមរបស់អ្នកនយោបាយរុះរោយ ថាជាជំនួញលើខ្នងរាស្រ្ត

0
1151

ភ្នំពេញ៖ ក្រោយគណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដេកស៊ីប្រាក់ខែមិនដែលខ្វល់ រហូតជិតផុតអាណត្តិ ក៏ប្រកាសរួបរួមជាមួយគណបក្សភ្លើងទៀន បានធ្វើឱ្យមានការជជែកយ៉ាងខ្លាំងក្នុងសង្គមនយោបាយ។

ក្នុងនោះមានការបរិយាយជាច្រើនដូចគ្នាពីត្រកូលគង់ ដែលគ្មានអ្នកណាធ្វើដូច ក្រោមយុទ្ធសាស្រ្តរបស់លោក គង់ គាំ ជាឪពុក ដែលជិតដល់កលិយុគ គណបក្សខ្លួនគ្មានបង្អែកនយោបាយ មូលដ្ឋានរបាត់រប៉ាយ គ្មានអ្នកគាំទ្រ តំណែងឯកឧត្តម នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏ជិតផុត ចាប់ផ្តើមសម្រុកជជែកជាមួយបក្សភ្លើងទៀន ត្បុលមកជ្រកក្រោមក្លៀកគណបក្សមួយនេះទាំងកាត់កេរ្តិ៍កាត់ខ្មាស់ ដើម្បីអំណាច និងតំ​ណែង​។

មេបក្សឆន្ទះខ្មែរ និងមេបក្សភ្លើងទៀន សម្រេចរួមគ្នា

ក្រោយមានការលើកឡើងផ្ទួនៗគ្នារឿងត្រកូលគង់ វេចបង្វិចទៅជ្រកក្រោមក្លៀងគណបក្សភ្លើងទៀន ក្រោមរូបភាព រួបរួមអ្នកជាធិបតេយ្យដូចនេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃនេះ បានលើកឡើង ដូចសំពងនិងដំបង ថា រួបរួមដើម្បីរាស្រ្ត ឬ រួបរួមដើម្បីធ្វើជំនួញលើខ្នងរាស្រ្ត?។

លោក ពេជ្រ ស្រស់ បន្តថា បើមានឆន្ទៈ និងសណ្តានសមាណចិត្តស្នេហាជាតិ ស្នេហាប្រជាជនពិតប្រាកដ គឺវាមិនចាំតែប្រមូលផ្តុំគ្នា ទើបហៅថាជាអ្នកស្នេហាជាតិ ប្រជាជននោះឡើយ។ លោកថា ការរួបរួមរបស់បក្សឆន្ទៈ និងបក្សភ្លើងទៀននេះ គឺជាការរួបរួមបោកបញ្ឆោតរាស្រ្ត ដែលជាជំនាញរបស់អ្នកជំនួញនយោបាយមួយក្រុមនេះតែប៉ុណ្ណោះ ដែលតែងតែធ្វើ ដើម្បីបោកបញ្ឆោតប្រជាជនឱ្យគាំទ្រខ្លួន ចំណែកផលផ្លែផ្កាដ៏ពិតប្រាកដ គឺអ្នកដែលរួបរួមទាំងនោះជាអ្នកទទួលផល។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

លោក ពេជ្រ ស្រស់ បន្តថា តើហេតុអ្វីបានជារូបលោក ត្រូវបើកវាំងននខ្មៅរួបរួមនេះឡើង? គឺដោយ​សារ​ក្រុមនេះតែងតែរួបរួម  ហើយស្វិតរុះរាយទៅវិញ ពេលរុះរាយឥតផ្លែផ្លាហុចផលប្រយោជន៍ឱ្យខ្លួន ក៏នាំគ្នីនាំគ្នារួបរួមវិញ ដែលការរួបរួមបែបនេះគេហៅរួបរួមធ្វើជំនួញលើខ្នងរាស្រ្ត។

មេបក្សយុវជនកម្ពុជា ដែលតែងតែរិះគន់មិនសំចៃមាត់រូបនេះ ក៏បានយល់ឃើញថា មែនទែនទៅ ការរួបរួមវាមិនអាក្រក់ឡើយ ឱ្យតែការរួបរួមនោះដើម្បីផលប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន ប៉ុន្តែមានអ្នកខ្លះដឹងច្បាស់ណាស់ ថាមិនអាចច្រូតកាត់ប្រមូលផលក្នុងស្រែខ្លួនឯងបាន ក៏រត់ទៅរួបរួម ហើយស្រែកឡើងថាធ្វើដើម្បីជាតិ និងប្រជាជន។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

ផ្ទុយទៅវិញលោក ពេជ្រ ស្រស់ ឱ្យជាដំបូន្មានទៅក្រុមរួមរួម ជំនួញនយោបាយលើខ្នងរាស្រ្តទាំងនោះថា រួបរួមមិនរុះរោយ ទើបគេហៅថា ធ្វើដើម្បីប្រយោជន៍ជាតិ និងប្រជាជនពិតប្រាកដ ហើយគណបក្សយុវជនកម្ពុជា គឺមិនរួបរួម ដើម្បីតែផលប្រយោជន៍ក្រុមខ្លួនឡើយ។

លោក ពេជ្រ​ ស្រស់ បញ្ជាក់ចុងក្រោយដោយសារបញ្ឈឺក្រុមរួមរួមចំនួញនយោបាយទាំងនោះថា គណបក្សយុវជនកម្ពុជា គ្មានអ្នកដឹកនាំមាយាទស្វា ចេះតែលោតចុះឡើងៗ​ពេញតែព្រៃនោះដែរ និងថាគណបក្សបក្សយុវជនកម្ពុជា នឹងឈរដោយខ្លួនឯងដើម្បីជាតិ៕