សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាមួយគ្នានោះ ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។
លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ក៏បានសម្ដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្ដេចតេជោ ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អ , បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ ហើយតាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយសម្រាប់ឆ្នាំនេះ។
ជាមួយគ្នានេះដែរ ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ។
ពីនោះទៅទៀត លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូល្អ និងបានគូសបញ្ជាក់ជូនសម្ដេចតេជោថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ីនិងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយគៀងគរថវិកាជួយគៀងគរអ្នកវិនិយោគ និងគាក៏បច្ចេកវិទ្យាដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ បៃតងផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ដែលបានទទួលការអញ្ជើញមកចូលរួម ចែករំលែកធាតុចូលក្នុងវេទិកាកិច្ចសន្ទនាអាស៊ានជាសកល ហើយក៏បានថ្លែងអំណរគុណ ធនាគារ ADB ផងដែរ ដែលបានគាំទ្រកម្ពុជា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជួយកម្ពុជា ឱ្យរួចផុតពីការរាតត្បាត នៃជំងឺកូវីដ-១៩ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ADB ជាដៃគូល្អ ហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ ៕