អាកាសធាតុនៅតែបន្តចុះត្រជាក់ដល់១៦អង្សាសេ តំបន់ភូមិភាគឦសាន

0
1514

ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការត្រៀម សម្ភារៈ និង ថែរក្សា សុខភាព ដោយសារអាកាសធាតុ ចុះត្រជាក់ ដល់១៦ អង្សាសេ ពិសេសនៅតំបន់ទិសឦសាន ។

ក្នុងនោះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា កម្ពុជាបានរងទ្រនុងសម្ពាធខ្ពស់ ពីប្រទេស ចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់ មកលើ ភាគឦសានជាមួយនឹងខ្យល់មូសុង ឦសានខ្សោយ ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែប នេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមាន សីតុណ្ហភាព អប្បបរមា ពី ២១-២៣ អង្សាសេ និង សីតុណ្ហភាព អតិបរមាពី ៣៣-៣៥ អង្សាសេ ហើយខ្យល់បក់ មកពីទិសឦសាន ក្នុង ល្បឿនពី ១-៣ ម៉ែត្រ / វិនាទី។

ចំណែកនៅតំបន់ខ្ពង់រាប នៅសីតុណ្ហភាព អប្បបរមា ពី១៦-២៣អង្សាសេ សីតុណ្ហភាព អតិបរមា ពី៣៣-៣៥ អង្សាសេ ហើយ ខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿន ពី ២-៤ ម៉ែត្រ / វិនាទី ។ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ធាតុអាកាស ត្រជាក់នៅពេលព្រឹក ជាមួយនឹង សីតុណ្ហភាពអប្បបរមា ពី ១៦-១៩ អង្សាសេ ។

ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា ពី ២៣-២៥ អង្សាសេ និង សីតុណ្ហភាព អតិបរមា ពី ៣២-៣៤ អង្សាសេ ហើយខ្យល់បក់ មកពីទិសឦសាន ក្នុងល្បឿន ពី ១-៣ ម៉ែត្រ / វិនាទី ។ រលក សមុទ្រមានកម្ពស់ ពី ០,៥០-១,២៥ ម៉ែត្រ។

ក្រសួងបានបញ្ជាក់ថា អាស្រ័យស្ថានភាព ធាតុអាកាសដូចបានជម្រាបជូនខាងលើ សូម សាធារណជនជ្រាបជាព័ត៌មាន។ ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំ ដងរែក និង ខ្ពង់រាប ភាគឦសាន សូមប្រុង ប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាស ត្រជាក់ដោយ ស្លៀកសម្លៀក បំពាក់ឱ្យបាន គត់មត់ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែល អាចកើតមានឡើងជាយថាហេតុ៕