ភ្នំពេញ៖ គណបក្ស កម្ពុជា សេរីឯករាជ្យ ប្រជាធិបតេយ្យ របស់ ឯកឧត្តម សុខ ឌី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ មកលើលោក សុន ឆ័យ ដែលបានផ្ដល់បទសម្ភាសន៍តាមរយៈវិទ្យុបារាំង អន្តរជាតិ (RFI) និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលបានបកស្រាយមានចរិតលក្ខណៈកេងចំណេញនយោបាយគ្មានមូលដ្ឋានផ្នែកច្បាប់ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍សិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។
ឯកឧត្តម សុខ ឌី ប្រធាន គណបក្ស កម្ពុជា សេរីឯករាជ្យ ប្រជាធិបតេយ្យ
ក្នុងនាមគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា គណបក្ស កម្ពុជា សេរីឯករាជ្យ ប្រជាធិបតេយ្យ បានលើកឡើងទៀតថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក សុន ឆ័យ បានធ្វើបទសម្ភាសន៍វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកលោកតែងតែធ្វើសកម្មភាពនយោបាយញុះញង់ឱ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់ជាច្រើន ដែលរូបលោក និងបក្សពួកបានបណ្ដុះនូវចិត្តគំនិតទុច្ចរិត ទម្លាក់កំហុស ដោយអសុទ្ធចិត្ត លើគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌ បង្កើតការរើសអើងជាតិសាសន៍ជាដើម។
លោក សុន ឆ័យ
គណបក្ស កម្ពុជា សេរីឯករាជ្យ ប្រជាធិបតេយ្យ បានពិនិត្យឃើញថា ការទាមទារសំណងជម្ងឺចិត្តនៃការខូចខាតចំនួន បួនពាន់លានរៀលនេះ គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ភស្តុតាង និងទឡ្ហៈករណ៍ច្បាស់លាស់ ដូចដែលមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះដែរ។
គណបក្ស កម្ពុជា សេរីឯករាជ្យ ប្រជាធិបតេយ្យ សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជា សេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវ នយោបាយជ្រុលនិយមចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដេកចាំស៊ីប្រាក់ខែបរទេស យកលុយបរទេសដែលនឹងកំពុងធ្វើសកម្មភាពនយោបាយ ទុច្ចរិតញុះញង់ លាបពណ៌ ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឱ្យបរទេស ក្នុងគោលដៅដណ្តើម អំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង៕
#TNTV #TNHOTNEWS @KEOROTHNA #គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ #Politics