គណបក្សឯកភាពជាតិខ្មែរ គាំទ្រ សេចក្តីថ្លែងការណ៍មេធាវី គណបក្សប្រជាជនកម្ពុជា

0
2166

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិគាំទ្រ ទាំងស្រុង លើសេចក្តីថ្លែងការណ៍របស់មេធាវី គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សសម្ព័ន្ធភាព។

គណបក្សឯកភាពជាតិខ្មែរ បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុន ឆៃ បានធ្វើបទសម្ភាសជាមួយវិទ្យុបារាំងRFI ធ្វើឲ្យប៉ះពាល់កិត្តិយស និង កេរ្ដិ៍ឈ្មោះដល់គណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ដោយ គណបក្សឯកភាពជាតិខ្មែរ យល់ឃើញថា លោក សុន ឆៃ មានចេតនានិយាយដើម្បីកេញចំណេញនយោបាយ រួចទម្លាក់ កំហុសគ្រប់យ៉ាងទៅលើគណបក្សប្រជាជនកម្ពុជា។ ហើយនេះមិនមែនជាលើកទីមួយទេដែលលោក សុន ឆៃ បានចោទប្រកាន់ និង ទម្លាក់កំហុសលើបក្សជាដៃគូប្រជែងនយោបាយ។ លោក សុន ឆៃ និង ក្រុមរបស់លោក តែងតែធ្វើនយោបាយដោយនិយាយចោទប្រកាន់ និង ទម្លាក់កំហុសដោយគ្មានការពិតមកលើរាជរដ្ឋាភិបាល និង លើគណបក្សប្រជាជនកម្ពុជារហូតមក​។ ជាក់ស្តែង នៅពេលបោះឆ្នោតឃុំសង្កាត់ចប់ ស្អែកឡើងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ លោក សុន ឆៃ បានធ្វើសន្និសិតកាសែត ចោទប្រកាន់លើ គណកម្មការជាតិរៀបចំការបោះឆ្នោត និង គណបក្សប្រជាជនកម្ពុជា រួមគ្នាលួចសន្លឹកឆ្នោត និង សន្លឹកឆ្នោតដែល គណបក្សភ្លើងទៀន ទទួលបានគឺជាសន្លឹកឆ្នោតសេសសល់ពីការលួចបន្លំរបស់ គជប និង គណបក្សប្រជាជនកម្ពុជា។

ការធ្វើនយោបាយចង់ឈ្នះលើដៃគូ ដោយការចោទប្រកាន់ លាបពណ៌ និង ជេរប្រមាថដោយគ្មានហេតុផល និង មិនគិត ពីផលប៉ះពាល់លើផ្លូវច្បាប់ និង ប៉ះពាល់កេរ្តិ៍ឈ្មោះកិត្តិយសអ្នកនយោបាយដូចគ្នា ហើយរឹតតែធ្វើឲ្យមានភាពចលាចល និង បង្កើត ការសង្ស័យគ្នាពេញសង្គមខ្មែរ។

ជាមួយគ្នានេះ គណបក្សឯកភាពជាតិខ្មែរ សូមគាំទ្រទាំងស្រុង លើចំណាត់ការតាមផ្លូវច្បាប់របស់មេធាវីតំណាង គណ បក្សប្រជាជនកម្ពុជា និងដើម្បីរំលឹកដល់អ្នកនយោបាយផ្សេងៗទៀត ឲ្យបានរៀនសូត្រពីការធ្វើនយោបាយបែបសុចរិតលើដៃគូ នយោបាយរបស់ខ្លួន បញ្ឈប់ការធ្វើនយោបាយបែបទុច្ចរិត ព្រោះតែចង់ឈ្នះលើដៃគូ៕

លោក សុន ឆ័យ

#TNTV #TNTVONLINE #KEOROTHNA #ECP #គណបក្សឯកភាពជាតិខ្មែរ