លោក អ៊ុក កោសា ខ្ចីលុយ១លានដុល្លា ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់ កិច្ចសន្យាក៏រំលោភ តើគិតយ៉ាងម៉ិចទៅអញ្ចឹង…!

0
1923

ភ្នំពេញ៖ លោកផ្កាយ៣ អ៊ុក កោសា ដែលមានឈ្មោះក្នុងកិច្ចសន្យាខ្ចីប្រាក់ ១លានដុល្លា ពីលោកស្រី លឹម ហ៊ុយហ្គេច កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ អមមកជាមួយភរិយាគឺលោកស្រី ជៀម លីណា និងអ្នកសហការ លោក តាំង សុជាតិ ឆ្លៀតភ្ជាប់ប្លង់ដីមួយកន្លែងទំហំ ២២,៧៧៤ ម៉ែត្រការ៉េ ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មកជាមួយ ដើម្បីតម្កល់ជាទ្រព្យបញ្ចាំង ដែលជាកម្មសិទ្ធិរបស់លោក អ៊ុក កោសា និងលោកស្រី ជៀម លីណា ជាភរិយាដោយផ្ទាល់។

ដោយមិនអោយឃ្លៀតឆ្ងាយថ្ងៃពីគ្នា អ្នកទាំងបី គឺលោក អ៊ុក កោសា លោកស្រី ជៀម លីណា និងលោក តាំង សុជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ដដែល បានផ្តិតមេដៃព្រមគ្នាលើកិច្ចសន្យាខ្ចីបរិភោគ ឬ កិច្ចសន្យាខ្ចីការប្រាក់ រវាងខ្លួនជាមួយលោកស្រី លឹម ហ៊ុយហ្គេច និងបន្តផ្តិតមេដៃលើលិខិតប្រគល់ប័ណ្ណកម្មសិទ្ធិ ដែលជាច្បាប់ដើម អោយលោកស្រី លឹម ហ៊ុយហ្គេច ទុកជាទ្រព្យបញ្ចាំ ដោយមានលេខសម្គាល់ម្ចាស់អចលនវត្ថុ ០៥០២០៤១០-០៣៩៤ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ និងមានប្រថាប់ត្រាដឹងឮ ពីមេធាវី ណា បូរ៉ាម៉ា លើឯកសារទាំងពីរខាងលើនេះ។

លោក តាំង សុជាតិ.លោក លោក អ៊ុក កោសា និងលោកស្រី ជៀម លីណា

អ្វីដែលមិនអាចគេចវេសបាន គឺនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោកស្រី លឹម ហ៊ុយហ្គេច ដែលជាម្ចាស់បំណុល បានបញ្ចេញសាច់ប្រាក់ចំនួន១លានដុល្លា ទៅលោក តាំង សុជាតិ ដោយឆ្លៀតមកផ្តិតមេដៃទទួលរវាងអ្នកទាំង៣ រួមមាន លោក អ៊ុក កោសា លោកស្រី ជៀម លីណា ជាភរិយា និងលោក តាំង សុជាតិ នៃមូលប្បទានប័ត្រ​ លេខ៣១០០៩៦ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA Bank។

ក្នុងកិច្ចសន្យាខ្ចីបរិភោគ ឬ កិច្ចសន្យាខ្ចីការប្រាក់ ត្រង់ប្រការ២ បានចែងថា ភាគីលោក អ៊ុក កោសា ខ្ចីត្រឹមរយៈពេល៦ខែប៉ុណ្ណោះ នៃទំហំទឹកប្រាក់១លានដុល្លា ដោយគិតចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ គ្រប់វិនាទី និងពេលវេលាកំណត់ គឺតម្រូវសងត្រឡប់មកម្ចាស់បំណុលវិញទាំងដើមទាំងការ។ តែគួរអោយអនិច្ចា ក្រោយកិច្ចសន្យាបានមកដល់ អ្វីៗបានក្លាយជាក្តីកង្វល់របស់ម្ចាស់បំណុលទៅវិញ​ ព្រោះទាំងលោក អ៊ុក កោសា លោកស្រី ជៀម លីណា និងលោក តាំង សុជាតិ មិនបានប្រគល់ប្រាក់ដើមឬការប្រាប់មកអោយលោកស្រី លឹម ហ៊ុចហ្គេច ឡើយដោយអូសបន្លាយ ពន្យាពេលម្តងហើយម្តងទៀត រហូតមកដល់ពេលបច្ចុប្បន្ន ដែលគិតទាំងដើមទាំងការ ប្រមាណជាង២លានដុល្លា។

តែយ៉ាងណា ម្ចាស់បំណុល នៅតែមានការអធ្យាស្រ័យ គឺមិនចិត្តដាច់ អនុវត្តដោយបង្ខំ លើអចលនវត្ថុដែលអ្នកទាំង៣បានដាក់បញ្ចាំឡើយ ព្រោះថា កាអនុវត្តដោយបង្ខំនេះ គឺបានចែងក្នុងកិច្ចសន្យាខ្ចីបរិភោគ ឬ កិច្ចសន្យាចងការប្រាក់ ត្រង់ប្រការ៧ បានចែងថា ភាគី «ខ» យល់ព្រមទទួលការអនុវត្តន៍ដោយបង្ខំភ្លាមៗពីសំណាក់ភាគី «ក» ស្របតាមនីតិវិធីច្បាប់ ប្រសិនបើភាគី «ខ» ខកខានក្នុងការអនុវត្តកាតព្វកិច្ចសងបំណុលជាប្រាក់នេះ ហើយភាគី «ខ» ធានាថា នឹងមិនប្រឆាំង ឬ ជំទាស់ ទោះដោយផ្ទាល់ ឬ ដោយប្រយោលក្តី ទៅនឹងការរឹបអូសយកអចលនទ្រព្យដែលបានដាក់ធានានេះ ដើម្បីធ្វើការទូទាត់សងបំណុលទៅតាមការអនុវត្តដោយបង្ខំស្របតាមនីតិវិធីច្បាប់ឡើយ។

ការយោគយល់របស់ម្ចាស់បំណុល បានឈានដល់ការជជែកដើម្បីរកដំណោះស្រាយ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ភាគីកូនបំណុល បានសន្យាសងប្រាក់មកលោកស្រី​ លឹម ហ៊ុយហ្គេច វិញទាំងដើមទាំងការ ត្រឹមចំនួន១លាន៧០ម៉ឺនដុល្លា តាមរយៈមូលប្បទានប័ត្រ របស់ធនាគារ អេស៊ីលីដា លេខ០៣៨៤៣៧។ តែអនិច្ចា មូលប្បទានប័ត្រ ខាងលើនេះ គឺមិនមានសាច់ប្រាក់ឡើយ ដែលពេលនោះហើយ លោក តាំង សុជាតិ អ្នកចេញមូលប្បទានប័ត្រនេះ បានគេចវេស លែងទំនាក់ទំនងជាមួយលោកស្រី លឹម ហ៊ុយហ្គេច រហូតមក ​ដោយផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងក៏មិនឆ្លើយ ដែលជាចេតនាបង្ហាញពីភាពមិនទទួលខុសត្រូវលើបំណុល។

ដើម្បីអស់ចំងល់ ព្រោះលោកស្រី លឹម ហ៊ុយហ្គេច ដែលជាម្ចាស់ប្រាក់ពេលនេះ ក៏កំពុងលង់ក្នុងរឿងចងការប្រាក់អោយអ្នកទាំង៣ខាងលើ ក៏បានទំនាក់ទំនងទៅលោក អ៊ុក កោសា និងលោកស្រី ជៀម លីណា ដែលជាម្ចាស់តម្កល់ប្លង់ដី ដើម្បីទទួលបានកម្ចី១លានដុល្លាពីលោកស្រី បែរជាឆ្លើយថា លោកស្រី លឹម ហ៊ុយហ្គេច និងលោក តាំង សុជាតិ ត្រូវរូវគ្នា ល្បួងលោក និងភរិយា យកប្លង់ដីមកដាក់ ខណៈលោកស្រី លឹម ហ៊ុយហ្គេច មិនដែលស្គាល់លោក តាំង សុជាតិ ពីមុនមកឡើយ ដោយរូបលោក អ៊ុក កោសា ទេ ជាអ្នកនាំលោក តាំង សុជាតិ មកជាមួយ ហើយខ្លួន និងភរិយា រួមទាំងលោក តាំង សុជាតិ ក៏ជាអ្នកស្ម័គ្រចិត្តដោយគ្មានការបង្ខំ ផ្តិតមេដៃលើកិច្ចសន្យាខ្ចីបរិភោគ ឬ កិច្ចសន្យាចងការប្រាក់ និងលិខិតប្រគល់បណ័្ណកម្មសិទ្ធិ ព្រមទាំងទទួលប្រាក់កម្ចីដោយស្នាមញញឹមថែមទៀត ព្រោះគ្រានោះអ្នកទាំង៣ ក៏បានតម្កល់មូលប្បទានប័ត្រ ចំនួន៦សន្លឹក របស់ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ ABA Bank ដោយ៥សន្លឹក តម្កល់ទុកជាការបង់ការប្រាក់រយៈពេល៥ខែបន្ទាប់ នៃកិច្ចសន្យាខ្ចីបរិភោគ ឬកិច្ចសន្យាចងការប្រាក់ ចំណែក១សន្លឹកទៀត ដែលមានមូលប្បទានប័ត្រលេខ៧១៩៣៤៦ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ទឹកប្រាក់ចំនួនប្រាក់១លានដុល្លា គឺជាមូលប្បទានប័ត្រសងប្រាក់ដែលបានខ្ចី។ មិនអាចនិយាយថាម្ចាស់បំណុល លួងលោមខ្លួនដើម្បីដាក់ប្លង់ដីឡើយ ណ្ហើយរឿងគ្រប់យ៉ាងគឺអស់បញ្ហាហើយ បើលោក អ៊ុក កោសា យកប្រាក់មកសងទាំងដើមទាំងការ ព្រោះកិច្ចសន្យាខ្ចីបរិភោគ ឬ ចងការប្រាក់នេះ លោកក៏បានរំលោភផងដែរ និងបានស្នើសុំការយោគយល់ ពីលោកស្រី លឹម ហ៊ុយហ្គេច ជាបន្តបន្ទាប់ រហូតសន្យាសងប្រាក់ ទាំងដើមទាំងការ ១លាន៧០ម៉ឺនដុល្លា មកនៅ១លាន៥០ម៉ឺន និងចុងក្រោយ​សុំការយោគយល់សន្យាផ្ទាល់មាត់ សងភ្លាម១លាន២៥ម៉ឺនដុល្លា ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ ដែលម្ចាស់បំណុលព្រមទាំងអស់ អោយតែបានប្រាក់របស់ខ្លួនមកវិញ តែនេះគ្រាន់តែយុទ្ធសាស្រ្តដោះយករួចខ្លួនមួយគ្រាៗរបស់លោក អ៊ុក កោសា និងភិរិយាតែប៉ុណ្ណោះ។

ខណៈមកដល់ពេលនេះ លោក អ៊ុក កោសា សារក៏លែងតប មើលហើយក៏មិនឆ្លើយ រហូតឈានដល់ការលុបសារឆ្លើយឆ្លងគ្នាមុនៗជាមួយលោកស្រី លឹម ហ៊ុយហ្គេច ដែលជាម្ចាស់បំណុលថែមទៀត ដែលទង្វើរនេះហើយ បង្ហាញថា រូបលោកផ្កាយ៣ អ៊ុក កោសា លោកស្រី ជៀម លីណា ជាភរិយា និងលោក តាំង សុជាតិ ហាក់បង្ហាញពីឆន្ទៈ​ មិនព្រមដោះស្រាយបំណុលដែលខ្លួនបានខ្ចីឡើយ។ ស្របពេលដែលរូបលោក អោយលោកស្រី លឹម ហ៊ុយហ្គេច រកអ្នកទិញដីរបស់ខ្លួន ដើម្បីបង្វិលប្រាក់សងម្ចាស់បំណុល លុះពេលម្ចាស់បំណុល រកអ្នកទិញដីបានហើយ ធ្វើទាំងកិច្ចសន្យាទិញលក់រួចរាល់ថែមទៀត ដោយមានទាំងការកក់ប្រាក់ចំនួន១០ម៉ឺនដុល្លា អោយទៅលោក អ៊ុក កោសា បែរជារូបលោក​ ដោះសារមិនព្រមមកផ្តិតមេដៃលើកិច្ចសន្យាទិញលក់នេះទេ។ ដោយអត់ទ្រាំ និងទង្វើនៃការគ្មានឆន្ទៈក្នុងការសងបំណុល ពីលោកផ្កាយ៣ អ៊ុក កោសា លោកស្រី ជៀមលីណា ជាភរិយា និងលោក តាំង សុជាតិ លែងបាន ពេលនេះ លោកស្រី លឹម ហ៊ុយហ្គេច ម្ចាស់បំណុល បានធ្វើការជូនដំណឹង ជាសាធារណៈ ទៅកូនបំណុលខាងលើថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ លោក អ៊ុក កោសា និងភរិយា បានស្នើសុំសងប្រាក់ជំពាក់ ចំនួន ១,២៥០.០០០ដុល្លា ដោយសន្យាប្រគល់ប្រាក់ភ្លាមៗ ទើបពេលនោះ លោកស្រីព្រមទទួលយកសំណើរ ប៉ុន្តែលោក អ៊ុក កោសា និងភរិយា មិនបានគោរពតាមការសន្យានោះឡើយ ហើយអូសបន្លាយពេលវេលាជាច្រើនខែមកទៀត ដោយយកលេស និងព្យាយាមមិនសងប្រាក់មកអោយលោកស្រី។ ដូច្នេះ លោកស្រី លឹម ហ៊ុយហ្គេច ជូនដំណឹងដល់លោក អ៊ុក កោសា និងលោកស្រី ជៀម លីណា ជាភរិយា ថា លោកស្រី មិនទទួលយកសំណើរសងប្រាក់ ចំនួន ១,២៥០.០០០ ដុល្លា តទៅទៀតឡើយ ដោយលោកស្រី ក្នុងនាមម្ចាស់បំណុល នឹងអនុវត្តតាមនីតិវិធីច្បាប់៕