ភ្នំពេញ៖ សមាជិកសភាអាល្លឺម៉ង់គណបក្សជំទាស់ដ៏ធំ២រូប គឺគណបក្សគ្រិស្តសាសនិកប្រជាធិបតេយ្យអាល្លឺម៉ង់ (CDU) លោក Johannes Steiniger និងលោក Stefan Heck គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពាក់កណ្តាលខែកុម្ភៈ ក្នុងបេសកកម្មស្វែងយល់បន្ថែមពីស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងការទូតជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅផងដែរ។
គណៈប្រតិភូជាន់ខ្ពស់សភាអាល្លឺម៉ង់២រូបនេះ គ្រោងបំពេញទស្សនកិច្ចរយៈពេល១សប្តាហ៍ នាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ នៅប្រទេសថៃ និងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីនៃប្រទេសទាំង២។ ដោយក្នុងនោះ សមាជិកសភាទាំងពីររូប នឹងមកកាន់កម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។
ប្រភពដដែលបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីឆ្លើយតបជាយុទ្ធសាស្ត្រចំពោះការកើនឡើងនៃឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់ ដោយភាគីអាល្លឺម៉ង់ចង់ជួបពិភាក្សាជាមួយតួអង្គនយោបាយសំខាន់ៗរបស់កម្ពុជា និងថៃ ព្រមទាំងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា សមាជិកសភាទាំង២ គ្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ អ្នកតាក់តែងគោលនយោបាយ និងឥស្សរជនជាន់ខ្ពស់ដែលមានឥទ្ធិពលនៅតាមវិស័យនានា តួយ៉ាងរដ្ឋសភាកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាដើម។៕
#TNTV #TNTVONLINE #TNHOTNEWS @KEOROTHNA #ខុនរ៉ាតអាឌិនណៅអ៊ែរ #KAS #Politics