ភ្នំពេញ៖ នៅបន្ទាប់ពីមានការចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា លោក អ៊ុក កោសា ខ្ចីលុយ១លានដុល្លា ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់ កិច្ចសន្យាក៏រំលោភ តើគិតយ៉ាងម៉ិចទៅអញ្ចឹង…! និងចំណងជើង ព័ត៌មានជាវីដេអូ លោកផ្កាយ៣ អ៊ុក កោសា ខ្ចីលុយ១លានដុល្លា ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនលស់ កិច្ចសន្យាក៏រំលោភ ហាក់បង្ហាញឆន្ទៈ មិនចង់ទទួលខុសត្រូវឡើយ នៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ។
បន្ទាប់ពីការចុះផ្សាយ បានប៉ុន្មានម៉ោងក្រោយមក មេធាវីតំណាងដោយអាណត្តិរបស់ លោក អ៊ុក កោសា បានចេញលិខិតជូនដំណឹង លេខ០៥៨/២៤ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានប្រថាប់ត្រា លោកមេធាវី សាយ មុន្នី និងលោក មេធាវី ដន ហុកលី មកកាន់អង្គភាពសារព័ត៌មាន TN TV ដោយភ្ជាប់មកជាមួយ លិខិតប្រគល់សិទ្ធិជូនអ្នកតំណាងដោយអាណត្តិ និងចំណងជើងអត្ថបទ ព្រមទាំង វីដេអូ ដែលបានចុះផ្សាយកន្លងមក។
ក្នុងនោះលោកមេធាវីបានបញ្ជាក់ថា នៅក្នុងវិវាទនេះ មិនមានការគេចវេសក្នុងការសងបំណុលនោះទេ ដោយភាគីលោក អ៊ុក កោសា មានមេធាវីតំណាងដោយអាណត្តិ ចូលរួមក្នុងនីតិវិធីរបស់តុលាការ ដើម្បីដោះស្រាយរួចរាល់។
បន្ថែមពីនេះ ក្នុងខ្លឹមសារលិខិតជូនដំណឹងរបស់មេធាវីតំណាងដោយអាណត្តិលោក អ៊ុក កោសា ក៏បានធ្វើការបង្ហាញថា ពាក់ព័ន្ធនឹងករណីខាងលើនេះ យើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិ សូមធ្វើការបញ្ជាក់ជូនសារព័ត៌មានថា លោក អ៊ុក កោសា និងលោកស្រី ជៀម លីណា នៅតែមានឆន្ទៈ ក្នុងការទូទាត់សងប្រាក់ដែលបានជំពាក់ ដោយជាក់ស្តែងកម្ចីនេះ ក៏ដូចជាកម្ចីនៅធនាគារផងដែរ ដែលមានការដាក់ទ្រព្យធានាតម្កល់ត្រឹមត្រូវតាមផ្លូវច្បាប់។ ក្នុងនោះផងដែរ ដោយការលើកឡើងរបស់សារព័ត៌មាន អំពីចំណុចផ្សេងៗ គឺផ្ទុយពីការពិត ដោយកូនក្តីយើងខ្ញុំ ជាអ្នកដាក់ទ្រព្យធានា ទៅឱ្យលោក តាំង សុជាតិ ដែលជាមិត្តភក្តិទៅខ្ចីលុយ ធ្វើឡើងជាកិច្ចសន្យាខ្ចីប្រាក់នេះ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ យើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិ សូមធ្វើការបញ្ជាក់ជូន សារព័ត៌មាន TN TV ឱ្យបានច្បាស់ថា ពាក់ព័ន្ធនឹងវិវាទខាងលើនេះ គឺកំពុងស្ថិតនៅក្នុងចំណាត់ការដោះស្រាយរបស់សាលាដំបូងរាជធានីភ្នំពេញដែលមាន សំណុំរឿងរដ្ឋប្បវេណីនៅសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការ ដោយការប្តឹងទាមទាររបស់ភាគីឈ្មោះ លឹម ហ៊ុយហ្គេច។ សំណុំរឿងខាងលើនេះ គឺជាវិវាទដែលពាក់ព័ន្ធនឹងកិច្ចសន្យា ក្នុងរឿងក្តីរដ្ឋប្បវេណី ដែលគូភាគីកំពុងដោះស្រាយនៅតុលាការ។ សារព័ត៌មានមិនមានសិទ្ធិក្នុងការវិភាគវែកញែក លើវិវាទកិច្ចសន្យា ដែលជាសមត្ថកិច្ច របស់តុលាការនោះទេ ព្រោះកិច្ចសន្យាជាច្បាប់របស់គូភាគី។
ការផ្សព្វផ្សាយសារព័ត៌មានខាងលើនេះ គឺបានធ្វើឡើងដោយមិនបានសាកសួរព័ត៌មាន បញ្ជាក់ពីកូនក្តីយើងខ្ញុំ ទាល់តែសោះ គឺជាការបង្ហោះនូវព័ត៌មានតែម្ខាង។ ការបង្ហាញនូវព័ត៌មានតែម្ខាងនេះ ជាការផ្សព្វផ្សាយព័ត៌មានហាក់បង្កប់ ដោយចេតនានៃការញុះញង់ ធ្វើឱ្យមានការភ័ន្តច្រលំមកលើកូនក្តីយើងខ្ញុំជាខ្លាំង។
ជាការជម្រាបជូនមេធាវីតំណាងដោយអាណត្តិ លោក អ៊ុក កោសា មេត្តាជ្រាបថា អង្គភាពសារព័ត៌មាន TN TV មិនបានផ្សព្វផ្សាយព័ត៌មានហាក់បង្កប់ ដោយចេតនានៃការញុះញង់ ធ្វើឱ្យមានការភ័ន្តច្រលំមកលើកូនក្តីរបស់លោកមេធាវីទេ ព្រោះថា រាល់ការផ្សព្វផ្សាយគឺយោងទៅលើខ្លឹមសារសម្រង់សំដីដើមទាំងស្រុងរបស់ភាគីម្ចាស់បំណុល ដែលផ្តល់ព័ត៌មានមកដល់អង្គភាពយើងខ្ញុំ ដោយការទទួលខុសត្រូវទាំងស្រុង។ ម្យ៉ាង អង្គភាពយើងខ្ញុំ ក៏យោងទៅលើ កិច្ចសន្យាខ្ចីបរិភោគ ឬ កិច្ចសន្យាចងការប្រាក់ រវាងគូរភាគីដែលបានធ្វើឡើងតែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មាន TN TV ក៏នៅតែបន្តផ្សព្វផ្សាយការពិតព័ត៌មានរបស់គូរភាគី ដែលបានស្នើ និងមានការផ្ដល់ឯកសារគ្រប់ជ្រុងជ្រោយ ដើម្បីផ្សាយជូនសាធារណៈជនបានជ្រាប និងពិចារណា តាមការគួរ៕
#TNTV #TNHOTNEWS #TNTVONLINE #KEOROTHNA #MONEY #លុយ #Lowyer #ខ្ចីលុយ #ចងការប្រាក់