ភ្នំពេញ៖ មន្រ្តីចូលនិវត្តន៍លោកស្រី ង៉ែត សុខា នៅតែបន្តចិញ្ចឹមចិត្តទាមទាររកយុត្តិធម៌ ខណៈដីរបស់ខ្លួនទំហំ ៦.៨២៩ម៉ែត្រការ៉េ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានលោក អ៊ិត សារិ ហៅតាឈ្នាង ធ្វើរបងហ៊ុំព័ទ្ធ និងចាក់ដីរំលោភយកបន្តិចម្តងៗអស់គ្មានសល់ បំបាត់ទម្រង់ដីដើម ដោយសូម្បីតែអាជា្ញធរ ក៏មិនហ៊ានក្អកជាមួយផង។
ស្រ្តីវ័យជាង៧០ឆ្នាំរូបនេះ ថាដីរបស់ខ្លួន មានប័ណ្ណសម្គាល់សិទ្ធិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៥ ចេញដោយប្រតិភូរាជរដ្ឋាភិបាលប្រចាំខេត្តកែប,បូកគោ ឯកឧត្តម ជា រិទ្ធីឈុត។ លោកស្រី ង៉ែត សុខា បន្ថែមថា លោកស្រី បានមកបម្រើការងារ ជាមន្ត្រីរាជការខេត្តកែប តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយទទួលបាននូវគ្រឿងឥស្សរិយយសការងារ ពីសម្ដេចតេជោ ក្នុងតួនាទីជាអនុប្រធានមន្ទីរទេសចរណ៍ និងអនុប្រធានមន្ទីរកសិកម្មខេត្តកែប ចុងក្រោយមុនលោកស្រីចូលនិវត្តន៍។
លោកស្រី ង៉ែត សុខា មន្រ្តីចូលនិវត្តន៍
លោកស្រី ង៉ែត សុខា បន្តថា អំឡុងពេលបម្រើការងារក្នុងភូមិសាស្ត្រក្រុងកែប លោកស្រី បានទិញដីមួយកន្លែងទំហំ ៦. ៨២៩ម៉ែត្រការ៉េ មានប័ណ្ណសម្គាល់សិទ្ឋិ ដែលជាប័ណ្ណស្លាបមាន់ លេខB13.0341 ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៥ តែត្រូវបានគេរំលោភយកទាំងអស់ ដោយលោកស្រីពុំបានដឹងឡើយ។ លុះដល់វេលាចុងក្រោយ ពេលធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ ស្រាប់តែមិនមានដីរបស់លោកស្រីទៅវិញ។ ស្រ្តីរងគ្រោះខាងលើបន្តថា ភ្លាមៗលោកស្រី បានស្នើសុំធ្វើប្លង់កម្មសិទ្ធិនៅភូមិបាលក្រុងកែប និងបានតម្កល់ឯកសារទុក ដើម្បីមន្រ្តីជំនាញចុះវាស់វែង តែបែរជាមិនមានមន្រ្តីរូបណា ចុះវាស់វែងឱ្យលោកស្រីឡើយ។
ស្រ្តីវ័យចំណាស់ជាមន្រ្តីចូលនិវត្តន៍បន្ថែមថា ដោយមិននៅស្ងៀមរបស់លោកស្រីនៃការតវ៉ាដីមួយកន្លែងខាងលើនេះ កន្លងមកក្នុងខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការខេត្ត បានអញ្ជើញលោកស្រី ឱ្យចង្អុលបង្ហាញព្រំដីជាក់ស្តែង តែដោយសារអ្នកដែលបានរំលោភយកដីរបស់លោកស្រី បានដកបង្គោលព្រំចាស់ចោល ហើយថែមទាំងបិទផ្លូវបុរាណ និងបានចាក់ដីធ្វើរបងហ៊ុំព័ទ្ធ សង់រោងមាន់ សង់ផ្ទះ បាត់ទ្រង់ទ្រាយដីដើម ដែលជាហេតុធ្វើឱ្យលោកស្រី មិនអាចចង្អុលព្រំដីចំត្រឹមត្រូវ និងមិនអាចចូលលើដីដែលគេសង់សំណងរឹងមាំមានរបងហ៊ុំព័ទ្ធបាន។ ក្នុងនោះជាថ្មីម្តងទៀត លោកស្រីក៏បានស្នើសុំទៅមន្ទីរពាក់ព័ន្ធ វាស់វែងតាមប្លង់ដែលលោកស្រីកាន់កាប់ នៅតែមិនអាចចូលវាស់វែងបាន ដោយមន្រ្តីជំនាញហាក់ខ្លាចអំណាចលោក អ៊ិត សារិ ហៅ តាឈ្នាង ដែលបានលួចធ្វើរបងហ៊ុំព័ទ្ធយកដីរបស់លោកស្រីបន្តិចម្ដងៗរហូតអស់គ្មានសល់ និងបានជួលឡានដឹកដីរបស់អ្នកមានអំណាចក្នុងខេត្តនេះ ទៅចាក់ដីបំពេញទាំងស្រុង ធ្វើឱ្យអាជ្ញាធរខេត្តកែប ភ័យស្ងាត់ បាត់មាត់មិនហ៊ានហាមឃាត់ ឬសួរនាំឡើយ។
ទីតាំងដីរបស់លោកស្រី ង៉ែត សុខា ដែលត្រូវគេចាក់ដីរំលោភយក
ក្នុងនោះ បើយោងតាមរូបភាពលើអាកាស Google Erth បង្ហាញតាមឆ្នាំនីមួយៗបានឃើញយ៉ាងច្បាស់ ពីការរំលោភយកដីរបស់លោកស្រីតាមដំណាក់កាលនីមួយៗយ៉ាងរលូន។ ជាចម្ងល់ ថាតើទាំងនេះ មន្ត្រីជំនាញ អាណាព្យាបាលខេត្ត បានឃើញដែរឬទេ ឬក៏ លោក អ៊ិត សារិ ហៅ តាឈ្នាង អាចហៅទេវតាមកបិទភ្នែកមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់បាន។
ជាមួយគ្នានេះ បើយោងតាមកំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប ដឹកនាំដោយលោក ហួរ មិថុនា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាល ខេត្តកែប ដោយក្នុងអង្គប្រជុំខាងលើ បើយោងតាមសម្រង់មតិរបស់លោក ជឺ វណ្ណរ៉ា មន្ត្រីវាស់វែងដោយផ្ទាល់ បានលើកឡើងថា ខ្លួនមិនបានដឹងច្បាស់ពីប្រវត្តិដីមួយកន្លែងនេះទេ គឺវាស់តាមការចង្អុលបង្ហាញរបស់លោក អ៊ិត សារិ។ ត្រង់ចំណុចនេះ ចម្ងល់មហាជន បានលើកឡើងថា តើការចុះវាស់វែងដីរបស់មន្ត្រីជំនាញ ពឹងផ្អែកលើឯកសារអ្វីខ្លះ ដែលហ៊ានចុះវាស់វែងតាមការចង្អុលបង្ហាញព្រំ ពីសំណាក់ លោក អ៊ុត សារិ ហៅ តាឈ្នាង។
ចំណែកលោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានលើកឡើងថា រូបលោកឯកភាពតាមការលើកឡើងរបស់ប្រធានការិយាល័យ ដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល និងអភិបាលរងក្រុងកែប បើតាមឯកសារប័ណ្ណសម្គាល់សិទ្ធិ របស់លោកស្រី ង៉ែត សុខា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៥ កាលពីសម័យនោះ ពុំទាន់មានឧបករណ៍វាស់វែងទំនើបដូចបច្ចុប្បន្ននេះទេ គ្រាន់តែសម្គាល់តាមទីតាំងជាប់ព្រំ។ ចំណែក ការគូរក្បាលដី គឺគូរដោយដៃ រីឯការគណនាផ្ទៃដីប្រើប្រាស់រូបមន្តហេរ៉ុង ប៉ុន្តែការគណនាសម័យនោះ ខុសទំហំដី ក្នុងប័ណ្ណស្លាបមាន់ដែលមានទំហំ៦.៨២៩ម៉ែត្រការ៉េ ហើយបើតាមការគណនាឱ្យត្រឹមត្រូវគឺ៤.៩៩៨ម៉ែត្រការ៉េ។ លោកថា ក្នុងនាមមន្ទីរ ជំនាញមិនមានសិទ្ធិក្នុងការកាត់ឱ្យភាគីណាឈ្នះ ឬចាញ់នោះឡើយ។ លោកបន្តថា ពេលក្រុមការងារចុះវាស់វែង មិនមានទំនាស់នោះទេ ចំណែកឯទីតាំងជាក់ស្តែង មានសំណង់និងរបងរឹងមាំថែមទៀត។ គាំទ្រប្លង់ PVចាស់ ដោយមិនទាន់មានលិខិតគតិយុត្តណាផ្សេងច្រានចោលនៅឡើយ។
ចំណែកលោក ប៉ែន សុវណ្ណារ៉ា ជាមន្ត្រីជំនាញគូសផែនទីដីផ្ទាល់ ថាកាលនោះរូបលោក ពិតជាបានចូលរួមវាស់វែង ចំណែកហត្ថលេខាអក្សរចារិកលើឯកសារកំណត់ហេតុអង្កេតដីក៏ជារបស់លោកពិតមែន ប៉ុន្តែចំពោះការចេញទំហំផ្ទៃក្រឡាក្នុងប័ណ្ណសម្គាល់សិទ្ធិ មិនមែនលោកទេ គឺជាសិទ្ធិអំណាចរបស់ប្រធានការិយាល័យសុរិយោដីក្រុងកែប កាលនោះមិនទាន់មានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តនៅឡើយទេ។ ចំពោះលក្ខណៈដី កាលនោះ ជាដីមានព្រៃក្រញឹក និងព្រៃកោងកាងខ្លះ។ ដោយរូបលោក សូមបញ្ជាក់ថា ប័ណ្ណសម្គាល់សិទ្ធិដីរបស់ លោក អ៊ិត សារិ និងប័ណ្ណសម្គាល់សិទ្ធិ របស់លោកស្រី ង៉ែត សុខា មិនជាន់គ្នានោះទេ។
ដោយឡែក លោក អ៊ិត សារិ ដែលរងការចោទថាបានរំលោភបំពានយកដីរបស់លោកស្រី ង៉ែត សុខា គ្មានសល់នោះ បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាដីនេះមាន ១-លោក ប៉ែន សុវណ្ណារ៉ា និងលោក តូច សាម៉ន ជាសាក្សីរស់។ ២-លោកថា លោករស់នៅក្រុងកែបចាប់តាំងពីឆ្នាំ១៩៩២ ដីនោះលោកកាន់កាប់មានទំហំ ៧៩.៩៤៨ម៉ែត្រការ៉េ បច្ចុប្បន្នបែរជាមានដីលោកស្រី ង៉ែត សុខា មកជាន់លើដីរបស់លោក ដែលមានប្លង់ ទំហំ ៦.៨២៩ម៉ែត្រការ៉េ ដោយលោកចង់អនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា លោក លឹម ស៊ុនលី ដែលជាសហកម្មសិទ្ធិជាមួយលោកស្រី ង៉ែត សុខា បានឈឺចិត្ត ព្រោះរឿងដីត្រូវគេរំលោភយកទាំងអយុត្តិធម៌នេះ បានបាត់បង់ជីវិតមុនការស្វែងរកយុត្តិធម៌ និងប្រគល់ដីជូនលោកវិញ ក្រោមដំណោះស្រាយរបស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបនៅឡើយ។
ក្នុងនោះបើតាម លោកស្រី ង៉ែត សុខា ជីវិតចុងក្រោយ នៃមន្រ្តីចូលនិវត្តន៍ ក៏បានគោរពស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ដល់អ្នកមានអំណាចក្នុងខេត្តកែប ដែលអាចហៅទេវតាមកបិទភ្នែក មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ មើលមិនឃើញភាពអយុត្តិធម៌ ដែលលោក អ៊ិត សារិ រំលោភយកដីរបស់លោកស្រី ឱ្យប្រគល់ដីមកឱ្យលោកស្រីវិញសម្រាប់រស់នៅ ជាទ្រព្យនៃជីវិតចុងក្រោយ និងសូមជួយអន្តរាគមន៍ដល់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលជាអាណាព្យាបាលរបស់ប្រពលរដ្ឋក្នុងខេត្ត មេត្តាជម្រុញដោះស្រាយជូនលោកស្រីក្នុងរឿងដីត្រូវគេរំលោភយកនេះផង ព្រោះលោកស្រីមានប័ណ្ណដីសម្គាល់សិទ្ធិកាន់កាប់ត្រឹមត្រូវតាមផ្លូវច្បាប់រួចទៅហើយផងដែរ៕
#TNTV #TNTVONLINE #TNHOTNEWS #KEOROTHNA #LAND #ង៉ែតសុខា #ដីធ្លី #រំលោភយកដី #ដី