ភ្នំពេញ ៖ ស្លាបមាន់ខូចគុណភាព ចំនួន២០០កេស ស្មើនឹង២,០០០គីឡូក្រាម(២តោន) គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌ តម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានទាន់ពេលវេលា មុនចែកចាយលើទីផ្សារ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
មន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្ក្រាបការនាំចូលស្លាបមាន់ខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ 2AM-9042 មកពីប្រទេសវៀតណាម មកចែកចាយ នៅរាជធានីភ្នំពេញ ដោយបច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកទៅបំផ្លាញចោលតាមនីតិវិធី។