រដ្ឋាភិបាលថៃ ជំរុញឱ្យប្រជាជនកុំចេញក្រៅផ្ទះ ព្រោះតែខ្យល់បំពុលនៅទីក្រុងបាងកក

0
1774

ថៃ៖ បើយោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា អ្នករស់នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានស្នើសុំឱ្យធ្វើការនៅផ្ទះ ដើម្បីជៀសវាងការបំពុលខ្យល់ដែលគ្របដណ្តប់លើរដ្ឋធានីរបស់ប្រទេសថៃកាលពីថ្ងៃទី១៥ ខែកុម្ភៈ។

រដ្ឋាភិបាលទីក្រុងស្នើសុំកិច្ចសហប្រតិបត្តិការពីម្ចាស់ក្រុមហ៊ុន និងអង្គការប្រមាណ១៥១ ទាំងការិយាល័យរដ្ឋាភិបាល និងវិស័យឯកជននានានៅក្នុងទីក្រុងដែលមានប្រជាជនប្រហែល១១លាននាក់រស់នៅឱ្យធ្វើការនៅផ្ទះតាមដែលអាចធ្វើទៅបាន​ដែលគេជឿថាការបំពុលខ្យល់នឹងមានរយៈពេលរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ។

គេហទំព័រតាមដានអាកាស IQAir បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកក ក្នុងចំណោមទីក្រុងទាំង១០ ដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ។ IQAir ថាកម្រិតនៃភាគល្អិតធូលីល្អ PM2.5 – តូចណាស់ដែលពួកគេអាចចូលទៅក្នុងឈាម គឺខ្ពស់ជាង១៥ដងនៃការណែនាំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក។

គុណភាពខ្យល់នៅក្នុងប្រទេសថៃជារឿយៗស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភនៅក្នុងខែដំបូងនៃឆ្នាំនេះ ដោយសារតែផ្សែងចេញពីកសិករដុតចំបើងនៅក្នុងវាលស្រែ ការបំភាយឧស្ម័នឧស្សាហកម្ម និងផ្សែងរថយន្ត។ បាងកក និង​ទីក្រុង​ឈៀងម៉ៃ ភាគ​ខាងជើង​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ទីក្រុង​ដែល​បំពុល​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​កាលពី​ឆ្នាំមុន។

ទោះយ៉ាងណាក៏ដោយ ប្រជាជនបាងកកជាច្រើនមិនអាចធ្វើការនៅផ្ទះបានទេ។ កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​ថៃ​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ដោះស្រាយ​ការ​បំពុល​បរិយាកាស​ជា​របៀបវារៈ​ជាតិ។ ប៉ុន្តែបញ្ហានៅតែមានកាល​ពី​ខែ​មុន តុលាការ​ក្នុង​ទីក្រុង​ឈៀងម៉ៃ បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​បង្កើត​ផែនការ​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​ការ​បំពុល​បរិយាកាស​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល ៩០ថ្ងៃ៕