គណបក្សភ្លើងទៀន ប្រាប់ទៅ គណបក្សកម្លាំងជាតិ «ហួសពេលហើយអូន…!»

0
2339

ភ្នំពេញ៖ គណបក្សភ្លើងទៀន របស់លោក ទាវ វណ្ណុល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញនូវខ្លឹមសារ លិខិតរបស់ខ្លួន ផ្ញើទៅគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១២ អំពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្ស កម្លាំងជាតិ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងលិខិតនោះ​ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានប្រាប់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថា ក្រោយពីបានទទួលលិខិតរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ រួចមក គណបក្សភ្លើងទៀន បានចាត់តាំងថ្នាក់ដឹកនាំគណបក្ស លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ដឹកនាំទទួលជួបពិភាក្សាការងារ រវាងគណបក្ស ភ្លើងទៀន និងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទីស្នាក់ការកណ្ដាលរបស់គណបក្ស ភ្លើងទៀន។

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន

ក្នុងនោះ​ ក្រោយពីបានទទួលជួបប្រជុំពិភាក្សាការងារតាមស្មារតីនៃលិខិតលេខ ០១៦/២៤ គ.ក.ជ ចុះថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២៤ របស់គណបក្ស កម្លាំងជាតិ រួចមក លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស បានធ្វើរបាយការណ៍ជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសម្រេច។

ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន បានសម្រេច៖

១- គណបក្សភ្លើងទៀន បានសម្រេចជាស្ថាពររួចមកហើយ គឺជ្រើសរើសយក គណបក្ស ឆន្ទៈខ្មែរ ដែលជាគណបក្សមួយក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ទាំង៨ភូមិភាគ ទូទាំងប្រទេស។

២- គណបក្សភ្លើងទៀន យល់ឃើញថា ការសម្រេចចិត្ត មកពិភាក្សាជាមួយគណបក្សភ្លើងទៀន អំពីការបែងចែកមណ្ឌលភូមិភាគ គឺមានភាពយឺតយ៉ាវ បន្ទាប់ពីគណបក្សភ្លើងទៀន បានសម្រេចជាស្ថាពររួចហើយ នូវជ្រើសរើសយកគណបក្ស ក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត គឺ គណបក្ស ឆន្ទៈខ្មែរ ដើម្បីដាក់បញ្ជីបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងសម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុននេះ។

៣-គណបក្សភ្លើងទៀន ស្វាគមន៍គ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់ តាមស្មារតី និងគោលបំណងបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ក្នុង”សម្ព័ន្ធភាពឆ្ពោះទៅអនាគត” ដែលនឹងក្លាយជាកម្លាំងនយោបាយថ្មីមួយ សម្រាប់ការស្តារ និងកសាង នូវលទ្ធិប្រជាធិបត យ្យឡើងវិញ នៅប្រទេសកម្ពុជា តាមរយៈការបោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ដូច្នេះសរុបជាមួយ ការស្នើសុំបែងចែកភូមិភាគរបស់គណបក្សកម្លាំងជាតិ ជាមួយគណបក្សភ្លើងទៀន ដូចចម្រៀងមួយបទរបស់លោក ព្រាប សុវត្ថិ និងលោកស្រី ហ៊ឹម ស៊ីវន « ហួសពេលហើយអូន​ »​។ តើគណបក្សកម្លាំងជាតិ ដ៏ក្មេងខ្ចីរបស់លោក ស៊ុន ចន្ធី អាចមានវាសនា បានទទួលកៅអី សមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខនេះដែរឬទេ ឬបានត្រឹមតែក្បិនមិនបានខ្លួន ព្រោះតែអំនួតនយោបាយដ៏ក្មេងខ្ចីរបស់ខ្លួននេះ?៕