អភិបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់

0
1448

កំពង់ធំ​៖ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ កាលពីថ្ងៃ​ទី​១​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤ ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ​និង​មន្ទីរ​ពាក់ព័ន្ធ​ ចុះ​ប្រតិបត្តិការ​ពិនិត្យ​ទីតាំង​ព្រៃ​ឡង់​ ​ដែលជា​ធនធានធម្មជាតិ​ ​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​ ​ដើម្បី​ការ​ពារ​ព្រៃឈើ​ ​និង​សត្វព្រៃ​គ្រប់​ប្រភេទ​ដែល​រស់នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ ​កុំ​ឱ្យ​ជន​ខិលខូច​​កាប់​បំផ្លាញ​ ​រុក​រាង​ទន្ទ្រាន​យក​ដី​អា​ស្រ័យផល​ ​និង​បរ​បាញ់សត្វ​ ​មក​បម្រើ​ប្រយោជន៍​របស់​ខ្លួន​នោះ​ឡើយ​ ​ស្ថិតនៅ​ភូមិ​សំ​អោ​ង​ ​ឃុំ​មាន​រិទ្ធិ​ ​ស្រុក​សណ្ដាន់​ ​ខេត្ត​កំពង់ធំ​។

​លោក​ ​តុប​ ​កក្កដា​ ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​ ​បាន​លើកឡើង​ថា​ ​ព្រៃ​ឡង់​ ​ជា​ឈ្មោះ​ហៅ​ត​ៗ​គ្នា​ ​និង​មាន​ប្រភព​ផ្សេង​ៗ​​គ្នា​ជា​ភាសាបារាំង​ព្រៃ​ឡ​ង​(​prey​ ​long​) ​in​s​i​tart​h​ ​ព្រៃវែង​ (​ប៉ុន្តែ​ជា​ភាសា​ជនជាតិ​គួយ​វិញ​ ​ព្រៃ​ឡង់​ ​មានន័យ​ថា​ ​ព្រៃ​របស់យើង​ទាំងអស់គ្នា​ ​ព្រៃ​ឡង់​គ្របដណ្តប់​ ​ដោយ​ព្រៃស្រោង​ ​និង​ព្រៃ​ពាក់កណ្តាល​ស្រោង​ដ៏​មាន​តម្លៃ​វា​ជា​ព្រៃ​ចុងក្រោយបំផុត​នៃ​ប្រភេទ​ព្រៃ​ដ៏​មាន​សារៈសំខាន់​នៅ​ក្នុង​ឧបទ្វីបឥណ្ឌូចិន​។​ ដោយក្នុងនោះ ​រាជរដ្ឋាភិបាល​ ក៏បាន​ចេញ​អនុក្រឹត្យ​លេខ​៧​៤​ ​អន​ក្រ​.​ប​ ​ចុះ​ថ្ងៃ​ទី​០​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៦​ ​ស្ដីពី​ ការ​បង្កើត​ដែន​ជម្រក​សត្វព្រៃ​ ​ព្រៃ​ឡង់​ ​ដែល​មានផ្ទៃ​ដី​ទំហំ​៤​៣​១​.​៦​៨​ ហិកតា ​​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​ ខេត្ត​ក្រចេះ ​​ខេត្ត​ស្ទឹង​ត្រែង ​និង​ខេត្ត​ព្រះវិហារ​។​

​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ព្រៃ​ឡង់​ក្នុង​គោលបំណង​​ ​ធានា​ឱ្យ​មាន​ថែរក្សា​ទី​ជម្រក​សត្វព្រៃ​ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​ព្រមទាំង​ធានា​ឱ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ ​ចាំបាច់​ ​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ​ ​រុក្ខជាតិ​ ​និង​ជីវៈ​ចម្រុះ​។​ ​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​ ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​ ​លើក​ក​ម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ ​ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង​ ​ការ​ការពារ​ ​និង​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។​      

​ឯកឧត្តម​អភិបាល​ខេត្ត​បាន​បន្ត​ទៀត​ថា​ ​នៅ​ឆ្នាំ​២​០​២​៣​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​លេខ​១​៨​១​ ​អន​ក្រ​ ​បក​ចុះ​ថ្ងៃ​ទី​១​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ស្ដីពី​ការ​កែប្រែ​ដែន​ជំរក​សត្វព្រៃ​ ​ព្រៃ​ឡង់​ ​ដែល​មានផ្ទៃ​ដី​សរុប​ចំនួន​៤​៨​៩​.​៦​៦​៣​ហិច​តា​ ​លាតសន្ធឹង​ក្នុង​ខេត្ត​កំពង់ធំ​ ​ខេត្ត​ព្រះវិហារ​ ​ខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹង​ត្រែង​។​ ​ដោយឡែក​ ​ខេត្ត​កំពង់ធំ​មានផ្ទៃ​ដី​ប្រមាណ​១​២​៥​.​៧​៨​៤​ហិកតា​ ​ស្ថិតនៅ​ក្នុងស្រុក​សណ្តា​ន់ ​និង​ស​ន្ទុ​ក​ ​ពាក់ព័ន្ធ​ឃុំ​ចំនួន​០​៤​គឺ​ ​ឃុំ​ដងកាំបិត​ ​ឃុំ​មាន​វិទ្ធ ​និង​ឃុំ​សុចិត្រ​ ​នៃ​ស្រុក​សណ្តា​ន់ ​នឹង​ឃុំ​បឹង​ល្វា​ ​នៃ​ស្រុក​ស​ន្ទុ​ក​ ​ខេត្ត​កំពង់ធំ​ ​ដែល​ក្នុង​នោះ​មាន​ចំការ​ ​និង​ដី​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ ​ដែល​មិន​មាននៅ​ក្នុង​បញ្ជី​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​នៅឡើយ​។​ ​ព្រៃ​ឡង់​ជា​តំបន់​ដែល​មាន​តម្លៃ​អភិ​រក្ស​ខ្ពស់​ ​ព្រោះថា​វា​ ​មាន​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ប្លែក​ និង​ជា​ជម្រក​សម្រាប់​សត្វព្រៃ​ ​និង​សត្វស្លាប​ដែល​កំពុង​រងគ្រោះថ្នាក់​។

​ជាមួយគ្នានោះ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​ខេត្ត​កំពង់ធំ​ ​បាន​ជំរុញលើកទឹកចិត្ត​ដល់​មន្ត្រី​ជំនាញ​ ​បងប្អូន​ ​ប្រជា​សហគមន៍​ ​និង​អាជ្ញាធរ សមត្ថកិច្ច​ទាំងអស់​ ​ចូលរួម​ទប់​ស្កាត់​ ​និង​ការពារ​ធនធានធម្មជាតិ​ព្រៃ​ឡង់​ ​គ្រប់​​​គ្រង​ថែរក្សា​​ព្រៃ​ឈើបាន​ល្អ​ប្រ​សើរ​ ​ដើម្បី​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ប្រភេទ​ដើមឈើ​ ​និង​សត្វ​គ្រប់​ប្រភេទ​។​ ចូលរួម​ដាំ​ដើ​ម​ឈើ​ទាំងអស់គ្នា​ ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​សិក្សា​ពី​ប្រវត្តិ​ព្រៃ​ឡង់​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ​៕