ការធ្លាក់ចុះសេដ្ឋកិច្ចជប៉ុន មិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ខណៈកម្ពុជានាំចេញទៅកាន់ជប៉ុន មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ

0
1406

ភ្នំពេញ៖ មន្រ្តីជំនាញបានអោយដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចជប៉ុនមកនៅត្រឹមលេខ៤ នៃចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់ពិភពលោក គឺមិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជានោះទេ ខណៈដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសជប៉ុន មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារអាម៉េរិក រីឯកម្ពុជានាំចូលទំនិញពីជប៉ុនក្នុងទំហំទឹកប្រាក់ទឹកជាង៥៧០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។

ការអះអាងឲ្យដឹងបែបនេះរបស់លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNC នៅថ្ងៃនេះ។

លោកបណ្ឌិត ផាន់ ផល្លា បានបន្តថា ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍, ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងជប៉ុន មិនមានបញ្ហាអ្វីទេស្របពេលដែលវិនិយោគិន និងក្រុមហ៊ុនជប៉ុន បានមកបណ្តាក់ទុននៅកម្ពុជា បានដំណើរការជាធ្មតាផងដែរ បន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩រួចមក គឺទេសចរជប៉ុនមកទស្សនានៅកម្ពុជាមានចំនួនតិចតួចស្រាប់រួចទៅហើយ។

ទំនិញសំខាន់ៗដែលកម្ពុជានាំចេញ ទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក និងនាំចូលមកវិញគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកពីប្រទេសជប៉ុន។ កម្ពុជា និងជប៉ុន ក៏កំពុងស្វែងរកឱកាសទៅវិញទៅមក ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ ដោយកាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុនរបស់ជប៉ុនជាច្រើនបានមកដល់ប្រទេសកម្ពុជា និងសិក្សាពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ទិន្នន័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ជប៉ុននេះ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុន ដែលមានសេដ្ឋកិច្ចធំបំផុតទី៣ ក្នុងពិភពលោកមួយនេះ បានធ្លាក់ចុះជាង២% នៅក្នុងត្រីមាសទី៣ ដែលបានធ្លាក់ចុះច្រើនជាងការព្យាកររបស់ទីផ្សារ ដែលថា នឹងមានការធ្លាក់ចុះប្រចាំឆ្នាំ ជាមធ្យមត្រឹមតែ ០,៦%ប៉ុណ្ណោះ។ ទោះយ៉ាងណា វាមានការធ្លាក់ចុះតិចជាងត្រីមាស២ ដែលបានធ្លាក់ចុះរហូតដល់ជាង ៤% ឯណោះ។

ការធ្លាក់ចុះនេះបានឆ្លុះបញ្ចាំងពីការប្រើប្រាស់ និងការចំណាយដើមទុនចុះខ្សោយ ដែលធ្វើឲ្យអ្នកបង្កើតគោលនយោបាយចំពោះការស្ទុះងើបសកម្មភាពក្នុងស្រុកឡើងវិញនៅក្រោយជំងឺកូវីដ ដើម្បីប៉ះប៉ូវតម្រូវការខាងក្រៅ ដែលកាន់តែចុះខ្សោយនៅប្រទេសចិន និងកន្លែងដទៃទៀត។ តម្រូវការប្រើប្រាស់បានធ្លាក់ចុះនៅត្រីមាសទី៣ បន្ទាប់ពីបានធ្លាក់ចុះជិត ១% នៅក្នុងត្រីមាសមុននេះ ពោលគឺបានធ្លាក់ចុះច្រើនជាងការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ច ដែលរំពឹងមានអត្រា ០,២%។

ទន្ទឹមនឹងនេះដែរ ការចំណាយមូលធនបានធ្លាក់ចុះ ០,៦% នៅក្នុងត្រីមាសទី៣ បន្ទាប់ពីបានធ្លាក់ចុះ ១% ក្នុងខែមេសា ដល់ខែមិថុនា។ តម្រូវការខាងក្រៅបានកាត់បន្ថយ ០,១% នៃ GDP ពីខែកក្កដា ដល់ខែកញ្ញា ស្របតាមការរំពឹងទុក ខណៈដែលការកើនឡើងនូវការនាំចូលសេវាកម្ម ត្រូវបានទូទាត់ជាមួយនឹងការកើនឡើងក្នុងការនាំចេញរថយន្ត៕