គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រ បទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ

0
1439

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញ បទបញ្ជា លេខ០១ បប ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

អ្វីណាទាំងអស់នេះ ដោយរាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ចេញនូវផែនការ ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ផងដែរ។ ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោ​បាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖

១- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្តី្ររាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និង បណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣- ការអនុវត្តទ័ណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ។ ដោយគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្រោយបានឃើញនូវ បទបញ្ជា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខាងលើ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ របស់ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានចេញញត្តិគាំទ្រ ដោយលើកឡើងថា គណបក្សកម្លាំងប្រជាធិបតេយ្យ យល់ស្របនឹងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានលើកឡើង និងថា យើងរៀបចំមន្ត្រីរាជការទាំងអស់ មិនចំពោះតែកងកម្លាំងប្រដាប់អាវុធ ទាហ៊ាន នគរបាល កងរាជអាវុធហត្ថនោះទេ។

គណបក្សកម្លាំងប្រជាធិបតេយ្យ មានទស្សនៈវិស័យកសាងមាតុភូមិមួយ ដែលពលរដ្ឋជាម្ចាស់រស់ក្នុងភាពថ្លៃថ្នូរ ដោយប្រកាន់យកឥរិយាបទនយោបាយ ផ្លូវកណ្តាល និងស្មារតីទទួលខុសត្រូវចូលរួមចំណែកកសាងជាតិរបស់យើង មានការអភិវឌ្ឍន៍ បរិស្ថានបៃតងដ៏ស្រស់បំព្រង គ្មានគ្រៀងញៀន៕ឯឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ