ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិ ដោយធ្វើការប្រកាសគាំទ្រទាំងស្រុង នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅតាមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងនោះ គណបក្សឯកភាពជាតិខ្មែរ យល់ឃើញថា ឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន បានបន្តរីករាលដាលគួរឱ្យព្រួយ បារម្ភទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ដោយបានឃើញ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបើកយុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញៀន យ៉ាងម៉ឺងម៉ាត់បំផុត។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញ នូវផែនការ ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩នេះ។
ហេតុដូចនេះ គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ដែលបានដាក់ចុះនូវវិធានការដ៏ម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ការប្រើប្រាសគ្រឿងញៀន ផ្តើមចេញពីការត្រួតពិនិត្យលើមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ទាហាន នគរបាល កងរាជអាវុធហត្ថគ្រប់ស្ថាប័នទាំងអស់។
ក្នុងញត្តិខាងលើ គណបក្សឯកភាពជាតិខ្មែរ ក៏យល់ឃើញផងដែរថា ដើម្បីលុបបំបាត់គ្រឿងញៀន និង លុបបំបាត់ការប្រើប្រាសគ្រឿងញៀន មានតែការបោសសំអាតឱ្យអស់ពីមន្ត្រីរាជការជាមុនសិន ទើបអ្វីៗនឹងក្លាយជាគំរូដ៏ល្អបំផុតសម្រាប់ប្រជាជនទូទាំងប្រទេស៕
ឯកឧត្តម អ៊ុន ជឹម ប្រធានប្រតិភូ គណបក្សឯកភាពជាតិខ្មែរ នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់