ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកលែងកម្សាន្ត នៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍ នៅតំបន់ឧទ្យានទន្លេស្ងួតក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។ យោងតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋភាគច្រើនជាកុមារ ចំនួនប្រមាណ១ម៉ឺននាក់ បានមកជិះទោងកម្សាន្ត នៅតំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
តំបន់ជិះទោងកម្សាន្តនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីការរៀបចំតំបន់ទេសភាព ការដាំផ្កាស្បៃរឿង១លានគុម្ព ដែលមិនត្រឹមជាកន្លែងកម្សាន្ត សម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនាគត គម្រោងអភិវឌ្ឍន៍ឧទ្យានទន្លេស្ងួត នឹងជួយតំបន់ទន្លេស្ងួត ពីមុនមានភាពស្ងប់ស្ងាត់ ក្លាយជាទីកន្លែងទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។
ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា នឹងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្ត បែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ តំបន់ វប្បធម៌ ប្រវត្តិសាស្រ្ត ព្រៃឈើ ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែ ចំការប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានសម្របសម្រួលដល់ក្រុមការងារជំនាញ និងសប្បុរសជន នៃប្រទេសកាណាដា ក្នុងការតម្លើងទោង នៅតំបន់ឧទ្យានទន្លេស្ងួត និងបន្តចូលរួមសហការ រៀបចំតំបន់ទេសចរណ៍ ក្នុង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សម្រេចបានការសាងសង់ឡើងតាមផែនការបន្តបន្ទាប់។
សូមបញ្ជាក់ថា នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៤ខាងមុខ ក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រៀបចំជាសង្រ្កាន្តឆ្នាំថ្មី ដើម្បីទទួល ទេវតាឆ្នាំថ្មី ដែលយាងមកប្រោះព្រំ ប្រជាជនប្រុសស្រី បានសេចក្តីសុខចម្រើន បវរសួស្តី សិរីមង្គល និងជ័យជម្នះគ្រប់ពេលវេលា និងដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី នៅតំបន់ទន្លេស្ងួត ដែលជាទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ ស្ថិតនៅក្បែរតំបន់ប្រាសាទបុរាណ វត្តព្រះធាតុបាស្រី ទីទួលបុរាណនិងកន្លែងសក្ការៈបូជាជាច្រើនផ្សេងទៀត ដែលមានឬទ្ធិបារមី ពូកែស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង៕