នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន៣៧០នាក់ ត្រូវបានប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី

0
1344

ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៤ ព្រមទាំងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៧០នាក់ ក្នុងនោះរួមមាន៖ ថ្នាក់វរសេនីយ៍ទោ ចំនួន០១នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន០៦នាក់, ថ្នាក់អនុសេនីយ៍ឯក ចំនួន០៧នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន១០៩នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៣នាក់, ថ្នាក់នាយចំណង់ ចំនួន៦៨នាក់, ថ្នាក់ព្រឹន្ទបាលឯក ចំនួន២៣នាក់ និងថ្នាក់ព្រឹន្ទបាលទោ ចំនួន០៦នាក់។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានមុខតំណែង និងឋានន្តរសក្តិថ្មីនាពេលនេះ និងបានណែនាំ ឲ្យបន្តអនុវត្ត ភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ ហើយប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយគ្មានលើកលែង ដូច្នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ត្រូវតែជៀសអោយឆ្ងាយ ពីគ្រឿងញៀនជាដាច់ខាត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្ថែមទៀតថា ក្រោមវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលផ្តើមចេញពីការយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រហូតដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ដូច្នេះយើងត្រូវចងចាំជានិច្ច និងត្រូវ អរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញជូនដល់កម្ពុជា និងបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំវ័យក្មេងពោរពេញដោយសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕