ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២៥០នាក់ បានបញ្ជួនមកដល់ស្រុកវាលវែងហើយ ក្នុងយុទ្ធនាការទប់ស្តាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបាននិងកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីក្រុមជនខិចខូចមួយចំនួន។
លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ដែលបានដឹកនាំកម្លាំង បានណែនាំក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវ៖
១.ត្រូវគោរពនិងអនុវត្តយ៉ាងម៉ឺងមាត់តាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ស្នងការនគរជាតិ ក្នុងការទប់ស្តាត់និងបង្រាបបទល្មើសក្នុងគោលដៅនីមួយៗរបស់ខ្លូន។
២.ត្រូវធ្វើការស្រាវជ្រាវស៊ើបអង្កេតរកមេក្លោងការជម្រុញកាប់រុនរានទន្ទ្រានព្រៃយកដីរដ្ឋដោយខុសច្បាប់ដើម្បីចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែង។
៣.កម្លាំងទាំងអស់ហាមពាក់ព័ន្ធជាមួយបទល្មើសក្នុងករណីមានការគប់គិតគ្នាជាលក្ខណប្រព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌនិងត្រូវប្រឈមចំពោះមុខច្បាប់។
កម្លាំងអស់ត្រូវបានបែងចែក ចំនួន៤មុខព្រួញស្មើនិង១០គោលដៅធំៗ រួមមាន៖ ឃុំប្រមោយ ឃុំក្រពើពីរ ឃុំអន្លង់រាប និងឃុំថ្មដា ដោយយុទ្ធនាការនេះមានរយ:ពេល១ខែ ដែលជាលក្ខណ:ទ្រង់ទ្រាយធំពុំធ្លាប់មានកន្លងមកដោយបានប្រើប្រាស់កម្លាំងប្រមាណជាង៧០០នាក់។ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន២៥០នាក់ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន២៥០នាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងកម្លាំង គណ:បញ្ជាការឯកភាពខេត្តពោធិ៍សាត់ ចំនួន២៨៩នាក់៕