រុស្ស៊ី៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានសម្រេចលើកទ័ពលុកលុយប្រទេសអ៊ុយក្រែន កាលពីជាង២ឆ្នាំមុន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់រុស្ស៊ី ដែលបញ្ចប់ទៅកាលថ្ងៃទី១៧ ខែមីនា ដោយពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់គាត់នៅក្នុងជ័យជម្នះដែលលោកបាននិយាយថា ទីក្រុងម៉ូស្គូត្រឹមត្រូវក្នុងការក្រោកឈរឡើងចំពោះលោកខាងលិច ហើយបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែន។
លទ្ធផលនៃការបោះឆ្នោតដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានា បង្ហាញថា លោក ពូទីន ទទួលបានការគាំទ្រ៨៧,៨ ភាគរយនៃការបោះឆ្នោត ដែលជាលទ្ធផលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្រោយសហភាពសូវៀត។
លោក ពូទីន អតីតវរសេនីយ៍ទោ KGB ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៩ បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលឈ្នះភ្លូកទឹកភ្លូកដីនេះ គួរតែផ្ញើសារទៅកាន់លោកខាងលិចថា មេដឹកនាំរបស់ខ្លួននឹងត្រូវគិតគូរជាមួយរុស្ស៊ីដែលមានភាពអង់អាចមិនថា នៅក្នុងសង្គ្រាម ឬសន្តិភាព សម្រាប់ច្រើនឆ្នាំទៅមុខទៀត។
យ៉ាងណា អាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រជាជាតិផ្សេងទៀតបាននិយាយថា ការបោះឆ្នោតនេះមិនសេរី ឬយុត្តិធម៌ទេ ដោយសារតែការចាប់ដាក់គុកអ្នកប្រឆាំងនយោបាយ និងការចាប់ពិរុទ្ធ។
បេក្ខជនកុម្មុយនិស្ត Nikolai Kharitonov បានជាប់ ក្នុងចំណាត់ថ្នាក់លេខ ២ ដោយមានសម្លេងតិចជាង ៤ ភាគរយ, អ្នកនយោបាយចំណូលថ្មី លោក Vladislav Davankov ជាប់លេខរៀងទី៣ និង អ្នកជាតិនិយមជ្រុល Leonid Slutsky ជាប់លេខរៀងទី៤។ លោក ពូទីន បានប្រាប់អ្នកគាំទ្រនៅក្នុងសុន្ទរកថាជ័យជំនះនៅទីក្រុងម៉ូស្គូថា លោកនឹងផ្តល់អាទិភាពដល់ការដោះស្រាយភារកិច្ចដែលទាក់ទងនឹងអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយនឹងពង្រឹងយោធារុស្ស៊ី៕