ភ្នំពេញ៖ តុលាការសហរដ្ឋអាមេរិក បានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្មជាន់ខ្ពស់កម្ពុជា លោកគ្រី ម៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកកំពុងត្រៀមចេញធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងបុរី New York ឆ្ពោះទៅកាន់ប្រទេសប៉ាណាម៉ា ដើម្បីចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ហៅកាត់ថា CITES។
ការសម្រេចទម្លាក់ចោលការចោទប្រកាន់មន្ត្រីកម្ពុជារូបនេះ គឺធ្វើឡើងដោយតុលាការស្រុកមួយនៅ សហរដ្ឋអាមេរិកកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ លោក គ្រី ម៉ះផលក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីទឹកដីអាមេរិក ហើយបានត្រឡប់មកកាន់ប្រទេសកំណើតវិញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះផងដែរ៕