ភ្នំពេញ៖ បណ្តុំអង្គការ សង្គមស៊ីវិល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចេញមុខថ្កោលទោសដោយចំហរ ចំពោះសកម្មភាព គណបក្សកម្លាំង ដែលធ្វើការតវ៉ាទាមទារអោយមានការដោះលែងអ្នកទោសដែលត្រូវបានផ្តន្ទាទោសតាមផ្លូវតុលាការរួចទៅហើយនោះ។
ក្នុងនាមថ្នាក់ដឹកនាំ បណ្តុំអង្គការ សង្គមស៊ីវិល ធ្លាប់ឃើញសកម្មភាព និងមានបទពិសោធន៍នៃការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្រ្តបំបែកកបំបាក់កម្លាំងសាមគ្គីភាព ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
បណ្តុំអង្គការ សង្គមស៊ីវិល ដែលគាំទ្ររដ្ឋាភិបាល
បណ្តុំអង្គការ សង្គមស៊ីវិល លើកឡើងថា ពិតណាស់ ការដឹកនាំប្រទេស ដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការពង្រឹងការអនុវត្តច្បាប់ ជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់កំណត់។ បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើយើងអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេសដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាបពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល តើប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចាំបានទេ?
បណ្តុំអង្គការ សង្គមស៊ីវិល បានរំលឹកថា កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ការបូជាសាច់ស្រស់ឈាមស្រស់ របស់ប្រមុខថា្នក់ដឹកនាំ ដើម្បីតែបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ។ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក និងមានការអភិវឌ្ឍន៍ជឿនលឿនឆាប់រហ័សជាងគេបំផុតនៅក្នុងតំបន់។
ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិគឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ ក្នុងនាម ថ្នាក់ដឹកនាំបណ្តុំអង្គការសង្គមស៊ីវិល សូមថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើលដ៏គឃ្លើញរបស់គណបក្សនយោបាយដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញ់ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។
ក្រុមគណបក្សកម្លាំងជាតិ
បណ្តុំអង្គការ សង្គមស៊ីវិល ថា ទោះក្នុងរូបភាព និងតម្លៃណាក៏ដោយក្នុងនាមជាជាតិសាសន៍ខ្មែរ គួរតែគិតគូរពី សន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី របស់ជាតិខ្លួនទាំងអស់គ្នា។ យ៉ាងណាមិញរាល់សកម្មភាពទាំងឡាយណាដែលបានបង្ករ និងប៉ះពាល់ដល់ការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម យើងត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ ជាមួយគ្នានោះ បណ្តុំអង្គការសង្គមស៊ីវិល ក៏បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិកាជាតិនិយម ឈប់ចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមនយោបាយជ្រុលនិយមក្រៅប្រទេស។ សូមកុំចូលរួមជាមួយនូវសកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គី តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ ដោយ បណ្តុំអង្គការ សង្គមស៊ីវិល សង្ឃឹមនិងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀត។ ខ្មែរត្រូវតែរឹងមាំទាំងកម្លាំកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕