សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយិការង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ជួបសម្តែងការគួរសម និងពិភាក្សាការងារ

0
272

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱលោកស្រី Marie-Hélène LOISON អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) បានបើកការិយាល័យរបស់ខ្លួន នៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ១៩៩៣ ដើម្បីធ្វើអន្តរាគមន៍នៅប្រទេសកម្ពុជា។ ដើមឡើយទីភ្នាក់ងារ AFD បានផ្តោតសកម្មភាពរបស់ខ្លួន តែលើការផ្តល់ហិរញ្ញប្បទាន ដល់​វិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង និងសុខាភិបាល ប៉ុណ្ណោះ។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរា គមន៍របស់ AFD នៅកម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បានសហការ ជាមួយអាជ្ញាធរកម្ពុជា ដើម្បីទ្រទ្រង់ដល់ផ្នែកផលិតកម្មតាម រយ:ការផ្តល់ប្រាក់កម្ចីគ្មានការធានាពីរដ្ឋមានន័យថា ប្រាក់កម្ចី ដែលផ្តល់ដោយផ្ទាល់ដល់សហគ្រាស ឬធនាគារឯកជន ឬសាធារណ: ដោយមិនមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។

ជាងនេះទៅទៀត ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ប្រទេសកម្ពុជា អាចទទួលបានកម្ចីសម្បទានពី AFD បន្ទាប់ពីទទួលបាន ចំណាត់ថ្នាក់ប្រសើរជាងមុន ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះលទ្ធភាពក្នុងការសងបំណុលរបស់ប្រទេសនេះ។

បច្ចុប្បន្នវិស័យអាទិភាពនៃអន្តរាគមន៍ទាំងបួនរបស់ AFD រួមមាន កសិកម្ម និងកសិឧស្សាហកម្ម, ហេរដ្ឋារចនាសម្ព័ន្ធ, ការទ្រទ្រង់វិស័យផលិតកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវ: (ក្នុងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និង កសិកម្ម ប្រសិនបើអាច)។

ចាប់តាំងពីឆ្នាំ១៩៩៣មក ក្រុម AFD (AFD និងPROPARCO) បានទ្រទ្រង់គម្រោងជាច្រើននៅប្រទេសកម្ពុជា ដោយផ្តល់ទឹកប្រាក់ជាង២៧០លានអឺរ៉ូ៕