សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក នៅខេត្តព្រះសីហនុ

0
307

ព្រះសីហនុ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅភូមិចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

រូបសំណាក « ព្រះស្កន្ទគង់លើក្ងោក» ធ្វើពីស្ពាន់ ព្រះនេត្រធ្វើពីត្បូងនិល ដៃស្តាំកាន់ត្រីសូរ ដៃឆ្វេងកាន់ឈូក មានកម្ពស់សរុប ១២,៣៦ម៉ែត្រ ដែលគូរ និងកសាងដោយវិចិត្រករខ្មែរ ដែលរចនាឡើងស្ថាបត្យកម្មសិប្បកម្មរបស់ខ្មែរវីរសិង្ហ ចំណាយពេលគូរ និងចាក់ស្ពាន់ ក្នុងប្រទេសកម្ពុជាប្រមាណ៧ខែ ហើយការដំឡើងនេះ គឺដើម្បីបង្ហាញពីវប្បធម៌ និងសុខសន្តិភាព។

រូបសំណាកនេះ ជាឥរិយាបថ ដែលព្រះអង្គយាងពីធ្វើសង្រ្គាម បន្ទាប់ពីឈ្នះសង្គ្រាម ព្រះអង្គបានគង់លើសត្វក្ងោក។ រូបសំណាកនេះក៏បានក្លាយជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវបានកសាងលើទឹកដី ខេត្តព្រះសីហនុ បន្ទាប់ពីរូប ព្រះថោងនាងនាគ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកទស្សនាទស្សនា និង ថតផ្តិតយករូបភាព យ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។ ម៉្យាងទៀត រូបសំណាកនេះ ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់សោភណភាព បរិស្ថានខេត្តព្រះសីហនុកាន់តែស្រស់បន្ថែមមួយកម្រិតទៀត។ បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នៅកន្លែង រូបសំណាកតោពីរ ក្រុងព្រះសីហនុ, បដិមាព្រះថោងនាងនាគ ឃុំបិតត្រាំង ស្រុកព្រៃនប់, បដិមាព្រះឧមាមហេសូ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ បន្ទាប់មកនិមន្តសម្តេចសង្ឃ និងព្រះសង្ឃ ប្រោះព្រំ «ថ្មសុភមង្គល» ផងដែរ៕