ភ្នំពេញ៖ សមាគមសិល្បករខ្មែរ និងសិល្បករ សិល្បការិនីជាច្រើន កំពុងមានភាពមមាញឹក ដើម្បីត្រៀមរៀបចំកម្មវិធី “អ្នកស្នងមរតក” នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ខាងមុខ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ (OCIC)។
កម្មវិធី “អ្នកស្នងមរតក” ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនីប្រមាណ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការការពារ លើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់។
ម្យ៉ាងទៀត នេះសបញ្ជាក់ពីការចូលរួមថែរក្សា ក៏ដូចជាការពង្រឹងលើការកសាងសមត្ថភាព គុណភាព និងស្នាដៃបង្កើតថ្មីរបស់សិល្បករជំនាន់ក្រោយ ធ្វើយ៉ាងណាឲ្យសិល្បករ សិល្បការិនីទាំងអស់ មានសាមគ្គីភាពគ្នាល្អ រួបរួមកម្លាំងគ្នា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពនានានៃវិស័យសិល្បៈ និងវប្បធម៌។ ជាមួយគ្នានោះ សមាគមសិល្បករខ្មែរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយលោកទាំងពីបានផ្ដល់កិត្តិយសយ៉ាងធំធេងដល់សមាគមសិល្បករខ្មែរ ក៏ដូចជាសិល្បកររៀមច្បងទាំងអស់ ក្នុងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះផងដែរ៕