ឧត្តរមានជ័យ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២.២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ។
នេះជាដំណើរបេសកកម្មមនុស្សធម៌លើកទី៤ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលអញ្ជើញមកទឹកដីខេត្តឧត្តរមានជ័យ បន្ទាប់ពីដំណើរលើកទី១ កាលពីសមាហរណកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅស្រុកអន្លង់វែង ជាមួយភរិយាអង្គទូតនៅកម្ពុជា។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, សាប៊ូកក់សក់ ១ដប, ស្ករស ១គីឡូក្រាម, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។
ស្បៀង សម្ភារ ថវិកា ខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ លោកអ្នកឧកញ៉ា ភាព ហៀក បានឧបត្ថម្ភ ប្រេងឆា ៥ពាន់ដប, លោកអ្នកឧកញ៉ា ភូ ហុងសួន ស៊ីគង់ទ្រីវ បានឧបត្ថម្ភ មី ៥ពាន់កេស, អ្នកឧកញ៉ា វិញ ហ៊ួរ និងលោកជំទាវ ឆេង សៀង វិញហ៊ួរ តំណាងក្រុមហ៊ុនវិនិយោគរោងចក្រផលិតអគ្គិសនី និងរ៉ែធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ឧបត្ថម្ភ អង្ករចំនួន ៥០តោន, លោកជំទាវឧកញ៉ា លីម ស្រីពៅ ឧបត្ថម្ភ ស្ករស ៥តោន, ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ ឧបត្ថម្ភ សាប៊ូកក់សក់ (ក្លិន) ចំនួន ៥ពាន់ដប, អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបត្ថម្ភថវិកា ១០លានរៀល, លោកជំទាវ ភេ ដាលីន អ៊ុតឈន ឧបត្ថម្ភថវិកា ៥លានរៀល, អ្នកឧកញ៉ា ឈុន អូន និងលោកជំទាវ ឧបត្ថម្ភថវិកា ៤០០លានរៀល៕