ភ្នំពេញ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅភូមិគ្រឹះសម្តេចចំការមន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសគោរពជូនពរ ប្រកបដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តម បានសម្តែងនូវគារវភក្តីគោរព ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាឥស្សរជនជាន់ខ្ពស់មួយរូប បានតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិដ៏បវររុងរឿង នៃយើង ឱ្យមានការរីកចម្រើនជឿនលឿនខ្លាំងក្លា តាមរយៈការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងការលើកកម្ពស់កិត្យានុភាពរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តម បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅ ចៅទួត ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕