រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ

0
138

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងពេលដំណើរការព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៥ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 

ពិធីបួងសួងនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត មានចំនួន ០៦ទីតាំង រួមមាន ទីតាំងទី១. លោកតាឥ ទី២. លោកតាក្រហម.ក (រង្វង់មូលលោកតាក្រហម ក) ទី៣. ភ្នំសន្ទុក ទី៤.លោកតាអាចារ្យលាក់ ទី៥.ដាវដែកកំពង់ស្វាយ និង ទី៦. ប្រាសាទយាយព័ន្ធ (ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក)។ 

ការរៀបចំ​សង្ក្រាន្ដនេះ ក្នុងគោល​បំណងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានចូលរួមសប្បាយ និងអបអរ​សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនេះ  នឹងមានកម្មវិធីសប្បាយជាច្រើន ដែលមានបង្ហាញផែនទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ នៅទីតាំងផ្ទះបារាំង សួនស្ទឹងសែន និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩:០០ព្រឹកតទៅ៕