ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានអនុញ្ញាតឱ្យចៅស្រីឈ្មោះ ចែម ស្រីណែត រស់នៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាសិស្សវិទ្យាល័យមោងឫស្សី ដែលបានចូលរួមប្រឡងសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែរទទួលជ័យលាភីលេខ១ ប្រចាំខេត្តបាត់ដំបង និងលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំស្រុក, លោកគ្រូ អ្នកគ្រូវិទ្យាល័យមោងឫស្សី ព្រមទាំងលោក លោកស្រីនៃក្រុមការងារយុវជនចុះមូលដ្ឋានស្រុកមោងឫស្សី។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្ដមបណ្ឌិតបានសម្តែងនូវសេចក្តីសោមនស្សរីករាយចូលរួមអបអរសាទរ ដោយសរសើរនូវសេចក្តីក្លាហាន ការតស៊ូខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ និងបានថ្លែងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីក្លាយទៅជាធនធានមមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីជាប្រយោជន៍សម្រាប់ចៅស្រីផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជាប្រយោជន៍របស់សង្គមជាតិទាំងមូល។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមបណ្ឌិត បានផ្តល់រង្វាន់លើកទឹកចិត្តដល់ចៅស្រី ចែម ស្រីណែត រួមមាន:
-ថវិកាចំនួន ៣.០០០.០០០រៀល
-កុំព្យូទ័រយួដៃ(Laptop)១គ្រឿង
-ឯកឧត្តម បណ្ឌិត ជីវ កេង ក៏បានឧបត្ថមដល់លោកគ្រូ អ្នកគ្រូ ដែលបានជូនដំណើរសិស្សមកប្រឡងប្រជែងសិស្សពូកែថ្នាក់ជាតិកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នូវថវិការចំនួន៥០០ដុល្លារអាមេរិកផងដែរ៕