ចេញផ្សាយ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០
សៀមរាប៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញ និងសាធារណជន អំពីបញ្ហារីករាលដាលជំងឺរលាកសួតដោយវីរុស COVID-19 នៅបណ្តាប្រទេសនានា ក្នុងនោះក៏មានក្រុងសៀមរាបផងដែរ។

រដ្ឋបាលខេត្តសៀមរាប បានលើកឡើងដោយសង្កត់ធ្ងន់ និងដាក់ចេញវិធានការ៥ចំណុច ដើម្បីទប់ស្កាត់ ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញមួយចំនួន ដែលបានឆ្លៀតយកឱកាសនេះដំឡើងថ្លៃទំនិញ គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនរួមមាន៖
១ សូមឲ្យប្រជាពលរដ្ឋ និងសាធារណៈជន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ
២ សូមឲ្យប្រជាពលរដ្ឋ និងសាធារណៈជន ត្រូវរក្សាភាពហ្នឹងនរ កុំមានចលាចល ដែលនាំឲ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញតាមរយៈការលក់តំឡើងថ្លៃទំនិញ និងសម្ភារៈផ្សេងៗ ដោយមិនសមហេតុសមផល
៣ ត្រូវបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយអាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត
៤ សូមម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញទូទៅ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គូីជាតិខ្មែរ កុំឆ្លៀតឱកាសលក់តំឡើងថ្លៃទំនិញ ម៉ាស់ អាកុល និងសម្ភារៈផ្សេងៗស្រេចតែអំពើចិត្ត ក្នុងរកណីរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន
៥ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ចូលរួមសហការណ៏ និងផ្តល់ព័ត៌មានអំពីភាពមិនប្រក្រតីនានា ដែលបានកើតឡើងជាក់ស្តែងជូនរដ្ឋបាលខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងទប់ស្កាត់បានទាន់ពេលវេលា។

គួរជំរាបថា ជន និងឈ្មួញឱកាសនិយម បានឆ្លៀតយកពេលនៃការព្រួយបារម្ភពីការឆ្លង ជំងឺរលាកសួតថ្មី កូរ៉ូណា ឬ COVID-19 តំឡើងថ្លៃសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ព្រមទាំងគ្រឿងបរិភោគ ដែលស្តែងអោយឃើញការពុំមានសាមគ្គីគ្នាក្នុងគ្រាអាសន្ន ដោយគិតតែពីប្រយោជរបស់ខ្លួន តើពេលណាទើបជនទាំងនោះ ចេះស្រលាញ់ សាមគ្គី ក្នុងនាមខ្មែរឈាមជ័រតែមួយ៕