ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ កូនប្រុសពៅ លោក គង់ គាំ អ្នកនយោបាយចាស់វស្សា ដែលបានបណ្តុះកូនពៅ ក្លាយជាអ្នកនយោបាយវ័យក្មេង និងជាប្រធានគណបក្ស ឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បានបង្ហាញពីការស្វាគមន៏គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅឆ្នាំ២០២៣ខាងមុខ។
លោក គង់ ម៉ូនីកា បានលើកឡើងថា សោកនាដកម្ម ឧក្រិដ្ឋកម្មនៅទសវត្សឆ្នាំ៧០ និងឆ្នាំ៨០ គឺបង្កឡើងដោយឥទ្ធិពលមហាអំណាចបរទេស និងក្រុមអ្នកនយោបាយខ្មែរដែលមានមហិច្ឆិតាដណ្តើមអំណាចគ្នាតាមមធ្យោបាយប្រើកម្លាំងអាវុធ។
លោកថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងក្រោមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជម្លោះរវាងគណបក្សនយោបាយក្នុងរាជរដ្ឋាភិបាលចំរុះនៅឆ្នាំ១៩៩៥ ដោយប្រើកម្លាំងអាវុធ និងជម្លោះរវាងគណបក្សនយោបាយប្រឆាំង និងគណបក្សគ្រប់គ្រងអំណាចក្រោយឆ្នាំ២០១៣ ដែលបន្តកើតមាន ក៏សុទ្ធតែមានមហាអំណាចបរទេសផ្តល់កម្លាំងចិត្ត ឬធ្វើជាបង្អែកដោយប្រើកម្លាំងប្រជាពលរដ្ឋ ក្រៅការបោះឆ្នោត ក្រៅបែបបទប្រជាធិបតេយ្យ។

កូនប្រុសពៅ អឌីតមេដឹកនាំកំពូលនៃអតីតគណបក្សប្រឆាំងសង្គ្រោះជាតិ បានលើកឡើងបន្ថែមទៀតថា អតីតគណបក្សសង្គ្រោះជាតិ ពិសេសក្រោយការរំលាយដែលមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផ្តល់កម្លាំងចិត្ត ឬធ្វើជាបង្អែក បានទុកមេដឹកនាំខ្លួន និងក្រុមអ្នកនយោបាយខ្លួន ជាក្រុមអ្នកនយោបាយមានតែអញ ទាល់តែអញទើបជាអ្នកប្រជាធិបតេយ្យ សេរីពហុបក្ស លើកតម្កើងការគោរពសិទ្ធិមនុស្ស និងធានាការអភិវឌ្ឍពិតប្រាកដនៅកម្ពុជា។
លោក គង់ ម៉ូនីកា លើកឡើងដោយចាក់ចំណុចរសើបរបស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី និងលោក កឹម សុខា ថា លោក កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ ដែលមានតែក្រុមសម រង្ស៊ី និយមតែម្ខាង កំពុងឯកោខ្លាំង ខំសូត្រជាប់មាត់ជួនភ្លាត់រាល់ដង ពិសេសខ្លួនលោក កឹម សុខា និងលោក សម រង្ស៊ី ផ្ទាល់មានចិត្ត និងមានអំពើខ្លះបានបញ្ជាក់ច្បាស់ពីភាពខ្វែង និងឈប់លេងចូលគ្នាទៀតរួចទៅហើយ ធ្វើអោយមជ្ឈដ្ឋានជាតិ និងមជ្ឈដ្ឋានអន្តរជាតិ ក៏លែងយកចិត្តទុកដាក់ទៀតដែរ។

លោក គង់ ម៉ូនីកា ថា មេដឹកនាំ និងក្រុមអ្នកនយោបាយអតីតកាល ដែលគ្មានសីលធម៌ សច្ចៈធម៌ យុត្តិធម៌។ល។ យ៉ាងជាក់ស្តែងជាហូរហែរៀងរហូតដូចនេះ មិនអាចអោយប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាសង្ឃឹមទុកចិត្តសម្រាប់ជោគវាសនាអានាគតបាននោះឡើយ។
លោក គង់ ម៉ូនីកា លើកជាគតិថា មេដឹកនាំ និងក្រុមអ្នកនយោបាយបន្តវេន អ្នកនយោបាយស្រករក្រោយ អ្នកនយោបាយវ័យក្មេង ទាំងបានបង្កើតគណបក្សនយោបាយចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ទាំងបង្កើតថ្មីដែលកំពុង និងបន្តជួបពិភាក្សាគ្នា ដើម្បីបង្កើតជាកម្លាំងនយោបាយថ្មី មានវប្បធម៌នយោបាយថ្មី(មិនឆ្វេងជ្រុល មិនស្តាំជ្រុល) មិនយកខ្មែរ និងបរទេសណាជាសត្រូវ ដោយបន្តគោរពស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ត្រូវរក្សាការពារសន្តិភាព ឯករាជ្យ បូរណភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍដោយចេរភាពជានិច្ចតទៅ។

ក្នុងនាមប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បានលើកឡើដោយចំហរថា គណបក្សឆន្ទៈខ្មែរ ដែលតាំងខ្លួនជាប៉ូលនយោបាយថ្មី មានរូបសញ្ញាព្រះអាទិត្យថ្មី មានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៧១ ផ្លូវសម្តេចសុធាររស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទឹកចិត្ត និងមានកិត្តិយស សូមស្វាគមន៍ការជួបជុំរបស់បណ្តាគណបក្ស និងក្រុមអ្នកនយោបាយប្រជាធិបតេយ្យសេរី គ្រប់កាលៈទេសៈ ដើម្បីបន្តពិភាក្សា និងរកសេចក្តីសម្រេចជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិ សេសរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់អោយមានពហុបក្សក្នុងក្រុមប្រឹក្សាថ្នាក់ជាតិឡើងវិញនៅឆ្នាំ២០២២ និងចង់អោយមានការផ្លាស់ប្តូរជាវិជ្ជមានពិតប្រាកដនៅឆ្នាំ២០២៣ជាចាំបាច់៕


