​សកម្មជនព្រៃឈើចំនួន៤នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនឡើងតុលាការ ខេត្តក្រចេះ ព្រឹកថ្ងៃអាទិត្យនេះ

0
857

ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០

ក្រចេះ៖ កាលពីព្រឹក​ថ្ងៃទី​១៣ ខែមីនា​ ឆ្នាំ២០២០ សកម្មជនព្រៃឈើ ចំនួន៤នាក់ ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន​ ​ស៊ីងបាយអូតិក​ (Think Biotech) ​ចាប់ឃាត់ខ្លួននិង​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​អធិការដ្ឋាននគរបាល ស្រុក​សំបូរ ​ខេត្តក្រចេះ​។​ 

សកម្មជនបរិស្ថានទាំង៤នាក់រួមមាន៖ ១ លោក អ៊ូចឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, ២ លោក ខេម សុខឃី, ៣ លោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់,  ៤ លោក មេន ម៉ាត់ សកម្មជនបរិស្ថាន ក្រោយការចាប់ខ្លួនពួកគេត្រូវទទួលរងនូវអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុន មុនពេលបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកសំបូរ ខេត្តក្រចេះ ដែលការចាប់ខ្លួននេះធ្វើឡើង នៅ​ចំណុច​ដំបូកស ​ភូមិរមួល​ ឃុំបឹងចា​ ស្រុកសំបូរ ​ខេត្ត​ក្រចេះ។

ការចាប់ឃាត់ខ្លួន​សកម្មជន ព្រៃឈើទាំង៤រូបខាងលើ ​ត្រូវបាន​បុគ្គលិក​ក្រុមហ៊ុន ស៊ីងបាយអូតិក​ (Think Biotech) ​អះអាងថា ពួកគេ បាន​ចូល​ទៅ​ក្នុង​បរិវេណ​ដីក្រុមហ៊ុន​ និង​បាន​ថតរូបភាព​ផ្សេងៗ ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

យ៉ាងណាក្តី ​បើតាមលោក សាំង សែនករុណា ​អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក ​បានថ្លែងថា​ ក្នុងពេល​ចាប់ខ្លួន​នោះ ​លោក អ៊ូច ឡេង ​មិនបាន​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ខាងលើ​នេះ​ទេ​។ ​លោក អ៊ូច ឡេង ​គឺ​ស្ថិត​នៅក្នុង​ផ្ទះប្រជាពលរដ្ឋ​ម្នាក់​។ ​

លោក សាំង សែនករុណា ​នៅមិនទាន់​ធ្វើសេចក្តីសន្និដ្ឋាន​យ៉ាងណានៅ​ឡើយទេ​ ចំពោះ​សំណុំរឿង​នេះ​។ ​ប៉ុន្តែលោក​បាន​លើកឡើងថា ​ចេតនា​របស់លោក ​អ៊ូច ឡេង ​និងសកម្មជន​ការពារព្រៃឈើ​ខាងលើ ទំនង​ដើម្បី​ស្វែង​រកបទល្មើសព្រៃឈើ​តែ​ប៉ុណ្ណោះ។​ យ៉ាងណាក្តី លោ​ក​រួមជាមួយ​តំណាងអង្គការ​សិទ្ធិមនុស្សលីកាដូ ​និង​អង្គការសង្គមស៊ីវិល​ផ្សេងទៀត​ កំពុងឃ្លាំមើល​សំណុំរឿងនេះ ​យ៉ាងយកចិត្តទុកដាក់​បំផុត​។នេះបើតាមការចុះផ្សាយ របស់កាសែត The Cambodia Daily ។

​​យោង​​សេចក្តីរាយការណ៍ ​ក្នុងពេលចាប់ឃាត់ខ្លួន​ដោយបុគ្គលិក​ក្រុមហ៊ុន ​ស៊ីងបាយអូតិក​ (Think Biotech) ​បានអោយដឹងថា ​លោក អ៊ូច ឡេង ​រួមទាំង​សមាជិកបណ្តាញ​សហគមព្រៃឡង់​ខេត្តក្រចេះ ៣នាក់​ទៀត ​បានរងនូវអំពើហិង្សា​នៅក្នុងក្រុមហ៊ុន​នោះទៀតផង​។ ​បើតាម​លោក ហេង ស្រស់​ ដែលជាសហការី​របស់លោក អ៊ូច ឡេង​បានថ្លែងថា ​«លោក អ៊ូច ឡេង ​និង​ប្រជាពលរដ្ឋខាងលើ ​បានចុះទៅតំបន់​នោះ​ ដើម្បីប្រមូលព័ត៌មាន ​តើថា​ក្រុមហ៊ុននោះ ​បានកាប់​ឈើ​យកមកពីតំបន់​ព្រៃឡង់​ដែរឬទេ?​។

យ៉ាង​ណានៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹកនេះ លោក អ៊ូច ឡេង និងតំណាងសហគមន៍ចំនួន៣នាក់ ត្រូវបានស្នងការដ្ឋានប៉ូលិសខេត្តក្រចេះ បញ្ជូនខ្លួនទៅតុលាការសាលាដំបូង ខេត្តក្រចេះបន្តនីតិវិធី។ ចំណែកសកម្មជនបរិស្ថាន និងតំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងបរិស្ថានកំពុងតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ៕