គណបក្សខ្មែរស្រឡាញ់ជាតិ រាជធានីភ្នំពេញ កំពុងក្លាយជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ដ៏ផុសផុល និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ

0
1442

ចេញផ្សាយ ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តស្មារតីសង្គ្រោះជាតិ បាននិងកំពុងឆក់យកបេះដូងប្រជាពលរដ្ឋគ្រប់ទីកន្លែង ទាំងតាមបណ្តាខេត្ត និងរាជធានី។

ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គណបក្សខ្មែរស្រឡាញ់ជាតិ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក សុខ វិបុល ដែលជាសហស្ថាបនិកគណបក្ស និងជាអគ្គនាយក-អគ្គនាយកដ្ឋានកិច្ចការបោះឆ្នោត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សរួមមាន៖ លោក ជីវ កត្តា ប្រធានគណបក្ស លោក កង គឹមហាក់ អនុប្រធាន.លោក តាន់ ទីន អនុប្រធាន.លោក ខឺយ ស៊ីនឿន អនុប្រធាន និងលោក សៀវ វិសុទ្ធ អគ្គហេរញ្ញិក រួមជាមួយសកម្មជនជាច្រើនរូបទៀត នៅ​ទី​ស្នាក់​ការ​គណ​បក្សរាជធានីភ្នំពេញ ដោយបានរៀបចំពិធីប្រកាសសុពលភាពជាផ្លូវការ ថ្នាក់ដឹកនាំខណ្ឌនៃរាជធានី ចំនួន៧ខណ្ឌ រួមមាន៖​១ ខណ្ឌសែនសុខ ២ខណ្ឌមានជ័យ ៣ខណ្ឌឬស្សីកែវ ៤ខណ្ឌជ្រោយចង្វា ៥ខណ្ឌ​ច្បារ​អំពៅ ៦ខណ្ឌពោធិ៍សែនជ័យ និង ៧ខណ្ឌព្រែកព្នៅ ដែលជាកម្លាំង​នៅមូល​ដ្ឋាន​របស់​គណ​បក្ស​។

បើតាមលោក សុខ វិបុល សហស្ថាបនិក និងជា អគ្គនាយក-អគ្គនាយកដ្ឋានកិច្ចការបោះឆ្នោត ទទួលបន្ទុកដឹកនាំប្រធានក្រុមការងាររាជធានីភ្នំពេញ បានឲ្យដឹងថា ការរៀបចំផែនការណ៍រចនាសម្ពន្ធ័ គណបក្សខណ្ឌនិងបន្តធ្វើជាបន្តទៀត ដើម្បីប្រកាសជាផ្លូវការ អោយបានចប់រួចរាល់នៅខែមីនា ឆ្នាំ២០២១នេះ ដោយ​ហេតុថា ពេលវេលានៃការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងចូលមក​ដល់​ក្នុង​ពេលដ៏ខ្លីខាងមុខ រួមទាំងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ផងដែរ ដែលចាំបាច់​ណាស់​កម្លាំង​មូល​ដ្ឋាន ត្រូវតែរឹងមាំនិងមិនអាចខ្វះបាន។​

គណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការប្រកាសគោលជំហ៊ររបស់ខ្លួនរួចហើយ ក្នុងការបន្ត​ស្មារតី​សង្គ្រោះជាតិ ដើម្បីនាំមកនូវការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជា ដោយមិនអាចត្រឹមតែឈរឱបដៃមើល មិនបានធ្វើអ្វីសោះ ហើយប្រកាសថាខ្លួនជាអ្នកស្នេហាជាតិនោះទេ។

ដូចគ្នានេះ គណបក្សខ្មែរស្រឡាញ់ជាតិ បាននិងកំពុងពង្រៀងគោលនយោបាយគណបក្ស ដើម្បីដាក់​ចេញ​ជា​ប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលពួកគាត់ចង់បាន រួមទាំងគោល​នយោបាយ​ថ្នាក់ជាតិផងដែរ។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានការគាំទ្រយ៉ាង​ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់អាចផ្ញើក្តីសង្ឃឹមបាន នៅបន្ទាប់ពីអតីតគណបក្ស​សង្គ្រោះ​ជាតិ៕