ចេញផ្សាយ ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទឆ្លងផ្លូវមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX400h ពាក់ស្លាកលេខ ខេមរភូមិន្ទ ដូចគ្នាបណ្ដាលឲ្យរងការខូចខាតផ្នែងកាងខាងក្រោយយ៉ាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចជិតផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TRUMPCHI ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.3236 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្ត LEXUS RX400h ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-3538 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ចំកាងផ្នែកខាងក្រោយ បណ្ដាលឲ្យដាច់ធ្លាក់ដល់ដីរងការខូចខាត។
តាមមតិរបស់ប្រជាពលរដ្ឋមួយចំនួននៅជុំវិញកន្លែងកើតហេតុមានការងើងឆ្ងល់ថា ហេតុអ្វីជនជាតិចិនសោះមានសិទ្ធិបើករថយន្តលេខ ខេមរៈភូមិន្ទ ដូច្នេះ?។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីទាំងពីរសម្របសម្រួលគ្នាខាងភាគីរថយន្ត TRUMPCHI ជនជាតិចិន ព្រមសងសំណងទៅភាគីរថយន្ត LEXUS RX400h ដែលរងគ្រោះចំនួន៤០០ដុល្លាដើម្បីបញ្ចប់រឿង៕