ឆេះឃ្លាំងស្ដុកអាល់កុល សមត្ថកិច្ចជួយពន្លត់ទាន់ពេលវេលា

0
1033

ចេញផ្សាយ ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះឃ្លាំងស្ដុកអាល់កុលមួយយ៉ាងសន្ធោរសន្ធៅ នៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយពន្លត់បានដោយជោគជ័យ ក្រោយមានការអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច។

បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ខណ្ឌកំបូល បានបញ្ជាក់ថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺមានថៅកែជាជនជាតិចិន ដែលបានជួលពីខ្មែរ។ យ៉ាងណា ចំពោះមូលហេតុនៃការ ឆេះឃ្លាំងនេះ បណ្តាលមកពីការទុសេខ្សែរភ្លើង។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់ទឹកអស់ចំនួន៣៦ឡាន ក្នុងនោះ ឡានទឹករបស់រដ្ឋបាលខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើទឹក៥ឡាន, បុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើទឹក៤ឡាន, អង្គភាព៩១១ ចំនួន០២គ្រឿង ប្រើទឹក២ឡាន, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើទឹក១៥ឡាន, អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើទឹក៦ឡាន, ក្រុមហ៊ុនលោកឧកញ៉ា លី គឹមហេង ចំនួន០១គ្រឿង ប្រើទឹក២ឡាន, ឡានស្រុកអង្គស្នួលចំនួន០២គ្រឿង ប្រើទឹក២ឡាន។

ឃ្លាំងខាងលើនេះ មានទំហំ១៦ម៉ែត្រគុណ២៥ម៉ែត្រ បានបំផ្លាញសម្ភារអស់ទាំងស្រុង ប៉ុន្ដែមិនបានបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ៕