ផ្ទះ១អំពូល១ របស់ស្រុកបន្ទាយស្រី ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង «ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន»

0
798

ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១

សៀុមរាប៖ យុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង “ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន” របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។

បើលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។

ក្នុងនោះផងដែរ លោក ឃឹម ហ្វីណង់ ជំនួសមុខឱ្យប្រជាពលរដ្ឋរាប់មុឺននាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីយុទ្ធនាការ”ផ្ទះ១ អំពូល១” លោក សូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគ និងផ្តល់គាំទ្រទាំងស្រុងដល់ការអនុវត្តគម្រោងក្នុងរយៈកាលកន្លងមក បំពាក់បានជិត៤០០០អំពូលសូឡា និងបានធ្វើឱ្យភូមិចំនួន១៥រួចមកហើយ ដែលទទួលបានពន្លឺនិងការលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍ក្នុងពេលរាត្រីរហូតមកដល់ពេលនេះ។

គួជំរាបផងដែរថា សម្រាប់ការប្រលងប្រណាំង “ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន” ក្នុងនោះ រដ្ឋបាលក្រុង ស្រុក និងសង្កាត់ ដែលទទួលជ័យលាភី រួមមាន៖
– ជ័យលាភីលេខ១ បានទៅលើគម្រោង“សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់
– ជ័យលាភីលេខ២ បានទៅលើគម្រោងយុទ្ធនាការ“ផ្ទះ១ អំពូល១”របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។
– ជ័យលាភីលេខ៣ បានទៅលើគម្រោង“អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦”របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕