ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៧ ែខកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ក្រោយការចាប់ខ្លួនសកម្មជនការពារព្រៃឡង់ ចំនួន៥នាក់ របស់មន្រ្តីបរិស្ថាន ស្ថិតនៅក្នុងទឹកដីខេត្តក្រចេះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើឲ្យមហាជន និងសង្គមស៊ីវិល រិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ។
យ៉ាងណា ក្រោយការរិះគន់រយៈពេល២ថ្ងៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចំពោះក្រុមសកម្មជនបរិស្ថាន និងថាពួកគេបានប្រព្រឹត្តបទល្មើសនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។
សេចក្តីថ្លែងការណ៍ របស់ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានបង្ហោះនៅលើទំព័របណ្តាញសង្គមរបស់ខ្លួនបានលើកឡើងថា៖ ១-ក្រុមជនល្មើសទាំង៥នាក់ រួមមាន១. អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (មិនចុះបញ្ជី) ២. ហេង ស្រស់ ៣. ផៃ សុផុន ហៅ ម៉ាន ម៉ាត់ ៤. តង ជាង ៥. ហេ រុន ដែលមន្ត្រីឧទ្យានុរក្សបានឃាត់ខ្លួនបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ចំនួន២ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយការសាកសួរនិងការប្រមូលភស្តុតាង៖ ទី១) ក្រុមជនល្មើសបានសារភាពថា ពិតជាបានលួចចូលតំបន់ដែនជម្រកសត្វព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងបានធ្វើសកម្មភាពដោយគ្មានការអនុញ្ញាត ហើយបានធ្វើកិច្ចសន្យាចំពោះមុខមន្ត្រីក្រសួងបរិស្ថាន បញ្ឈប់សកម្មភាពចូលក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតគ្រប់រូបភាពដែលជាអំពើផ្ទុយនឹងច្បាប់រដ្ឋ ជាពិសេសផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ទី២)នៅវេលាម៉ោង១២:២៥នាទី ថ្ងៃទី៧ ខែកុម្ភៈនេះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តក្រចេះបានបញ្ជូនសំណុំរឿងនិងប្រគល់ជនល្មើសទាំង៥រូប ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងគូកនបានលួចធ្វើសកម្មភាពដោយខុសច្បាប់ក្រោមស្លាកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលអង្គការនេះមិនបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃឡើយ។
២-មន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីភារកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ អនុវត្តតាមច្បាប់ស្តីពី តំបន់ការពារធម្មជាតិក្នុងការទប់ស្កាត់និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយដែលប្រព្រឹត្ត នៅក្នុងតំបន់ការពារធម្មជាតិ មិនថាជនណាឡើយ ឱ្យតែមន្ត្រីឧទ្យានុរក្សរកឃើញ និងប្រទះឃើញ ថាប្រព្រឹត្តមិនស្របតាមច្បាប់ ត្រូវអនុវត្តតាមច្បាប់ជាធរមាន។
ដូចគ្នានេះ ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានរំឭកថា កាលពីខែមីនាឆ្នាំ២០២០ ក្រុមអង្គការ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាបានធ្វើ សកម្មភាពខុសច្បាប់ម្តងរួចមកហើយ និងត្រូវបានតុលាការតម្រូវឱ្យផ្អាកសកម្មភាពរហូតដល់លោក អ៊ូច ឡេង ប្រធានអង្គការនេះ ទៅចុះបញ្ជីអង្គការខ្លួននៅក្រសួងមហាផ្ទៃជាមុនសិន មុននឹងធ្វើសកម្មភាពបន្តទៀត។
៣-ក្រុមជនល្មើសមួយចំនួនជ្រកក្រោមស្លាកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែ លមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមច្បាប់ ឬគ្មានការអនុញ្ញាត និងកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន បានធ្វើសកម្មភាពផ្សេងៗក្នុងតំបន់ការពារធម្មជាតិដោយគ្មានច្បាប់អនុញ្ញាតដើម្បីបង្កើតជារបាយការណ៍ ផលិតរូបភាពផ្សេងៗ ជាពិសេសបង្កើតរូបភាព និងរបាយការណ៍បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដើម្បីស្វះស្វែងរកការគាំទ្រថវិកា និងកៀរគរស្វែងរកជំនួយដើម្បីក្រុមបក្ខពួកខ្លួន។
ក្រសួងបន្តថា ចម្លើយរបស់ក្រុមជនល្មើស បានបញ្ជាក់ថាខ្លួនធ្វើសកម្មភាពនៅក្នុងតំបន់ការពារធម្មជាតិដើម្បីថតរូបភាពស្វែងរកជំនួយគាំទ្រផ្នែកថវិកាពីម្ចាស់ជំនួយនានា។ នេះបានបង្ហាញយ៉ាងច្បាស់នូវបំណងទុច្ចរិតរបស់ក្រុមជនមួយចំនួនដែលជ្រកក្រោមស្លាកអ្នកបរិស្ថាន និងសកម្មជនព្រៃឈើដែលប្រើវិធីសាស្ត្រស្មោគគ្រោកដើម្បីផលប្រយោជន៍បក្ខពួកខ្លួននិងបម្រើឱ្យរបៀបវារៈទុច្ចរិត។
៤-ក្រសួងបរិស្ថានសូមអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់ជំនួយមួយចំនួន សូមធ្វើការផ្តល់ជំនួយគាំទ្រចំពោះសមាគម និងអង្គការក្រៅរដ្ឋាភិបាលណា ដែលបានចុះបញ្ជីត្រឹមត្រូវនិងគោរពច្បាប់ដើម្បីលើកស្ទួយការអនុវត្តច្បាប់ និងលើកទឹកចិត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលគោរពច្បាប់ត្រឹមត្រូវ និងមិនចិញ្ចឹមចលនាខុសច្បាប់ណាមួយឡើយ។
៥-ក្រសួងបរិស្ថានស្វាគមន៍ជានិច្ច ចំពោះការចូលរួមរបស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ តែត្រូវចូលតាមច្រកផ្លូវច្បាប់ជាធរមាន ដោយមិនមែនលួចធ្វើសកម្មភាពប្រាស់ចាកច្បាប់ជាធរមានឡើយ។ ជនទាំងឡាយ ដែលជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងតែងតែប្រមាថច្បាប់ជាតិ គួររៀនគោរពច្បាប់ព្រោះកម្ពុជាជានីតិរដ្ឋ និងកុំចាត់ទុកខ្លួនជាក្រុមនៅក្រៅច្បាប់។
ផ្ទុយពីការលើកឡើងរបស់ ក្រសួងបរិស្ថាន លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានលើកឡើងឆ្លើយតបទៅក្រសួងបរិស្ថានវិញថា ក្រុមអ្នកការពារព្រៃឈើទាំង៥រូបនេះ ពួកគាត់អាចប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋក្នុងការរួមចំណែកការពារធនធានព្រៃឈើ ដូចដែលក្រសួង ឬមន្ទីរជំនាញបាន និងកំពុងតែអនវត្តន៍។ យើងមិនគួរប្រើប្រាស់បទចោទអ្វីផ្សេង ដែលជាហេតុធ្វើឲ្យខូចប្រយោជន៍ដល់អ្នកទាំង៥ ឬជាការគម្រាមកំហែងទៅដល់ពលរដ្ឋ សហគមន៍ ជាពិសេសយុវជន ក្នុងកិច្ចការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។
លោក វ៉ន ចាន់ឡូត បន្តថា ករណីនៃការលួចកាប់ឈើខុសច្បាប់ ក្រសួងជំនាញក៏មានរបាយការណ៍ទទួលស្គាល់ និងបានទទួលស្គាល់ថាមានកម្មភាពនេះពិតមែន។ អាជ្ញាធរតែងតែលើកឡើងពីការខ្វះខាតកម្លាំងមន្ដ្រី ដែលចាំបាច់ត្រូវការ ការចូលរួមពីពលរដ្ឋ សហគមន៍មូលដ្ឋាន និងយុវជន។ មួយវិញទៀត ប្រសិនបើយើងពិនិត្យទៅលើព្យសនៈកម្ម (ការខូចខាត) ដោយទង្វើអ្នកទាំង៥ ដូចជាមិនមានទេ ពីព្រោះការចូលវាយផ្លាក ក្នុងបំណងល្អ និងជាការពញាក់ស្មារតីនៃអ្នកលួចកាប់ឈើខុសច្បាប់ និងជាសារឲ្យពលរដ្ឋចូលរួមការពារសម្បត្តិធម្មជាតិព្រៃឈើ។ មួយវិញទៀត ប្រសិនបើយើងពិនិត្យទៅលើចេតនា នៃការបំផ្លាញធនធានព្រៃឈើ រឹតតែមិនមានទៀតសម្រាប់ពួកគាត់។
ដោយយោងទៅលើទិដ្ឋភាពដូចនេះ លោក វ៉ន ចាន់ឡូត ថាតុលាការ ក្រសួង ឬមន្ទីរជំនាញ អាចធ្វើការណែនាំ ឬពន្យល់បន្ថែមអ្វីដែលជាភាពឆ្គាំឆ្គងនៃពួកគាត់ ជៀសជាងការសម្រេចចោទប្រកាន់៕