ចេញពីផឹកស៊ី ខួប២ឆ្នាំស្រលាញ់គ្នាជាមួយសង្សា អនិច្ចារថយន្តបុកស្លាប់លើដងផ្លូវ

0
1160

ចេញផ្សាយ ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ សប្បាយក្លាយទុក្ខ ទុក្ខរហូតដល់ស្លាប់ខ្លួន ធ្វើឲ្យក្រុមគ្រួសារ ឪពុកម្តាយមានវិប្បដិសារី ព្រោះត្រូវបាត់បង់ បងប្អូនកូនក្មួយជាទីស្រលាញ់របស់ខ្លួន។

ករណីនេះ បានកើតឡើងលើយុវជនម្នាក់ សប្បាយបន្ទាប់ពីដើរលេង ផឹកស៊ីជុំគ្នាជាមួយសង្សារ និងមិត្តភ័ក្ដិនៅថ្ងៃខួបពេល២ឆ្នាំស្រលាញ់គ្នាជាមួយសង្សា ជិះម៉ូតូលឿនមិនបានប្រយ័ត្ន ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ដួលម៉ូតូបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០១ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ជិតស្តុបក្តាន់ពីរ ទល់មុខអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពយុវជនរងគ្រោះ ឈ្មោះ ហង្សមាស សុវណ្ណចេស្តា អាយុ២២ឆ្នាំ មុខរបរមើលហាងអ៊ីនធើរណែត នៅម្តុំផ្សារកណ្ដាល ស្នាក់នៅបុរីពិភពថ្មី ផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីនារីជាសង្សារបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ពួកគាត់និង មិត្តភ័ក្ដិផ្សេងទៀត បាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-6632 ឌុបគ្នាដើរលេងនិងផឹកស៊ីជុំគ្នា ថ្ងៃរំលឹកខួបពេល២ឆ្នាំដែលពួកគេបានស្រលាញ់គ្នាជាសង្សាមក។

នារីជាសង្សារបន្តថាក្រោយពីផឹកស៊ីជួបជុំគ្នានៅម្តុំវិមានឯករាជ្យរួច ពួកគេបានធ្វើតំណើរក្នុងគោលបំណង ជិះម៉ូតូត្រលប់ទៅផ្ទះវិញ នៅសង្កាត់ក្រាំងធ្នង់ ដោយរូបនាងបានជិះម៉ូតូជាមួយមិត្តភ័ក្តិផ្សេងទៀតទាំងអស់ចំនួន៤ម៉ូតូ ចំណែកយុវជនរងគ្រោះជិះតែម្នាក់ឯង។

ខណៈពេលធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ យុវជនរងគ្រោះជាសង្សារបស់ខ្លួន ជិះលឿនមិនប្រយ័ត្ន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង ស្របពេលនោះរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បានបើកមកដល់ក៏បុកពីក្រោយបន្ថែម បណ្តាលឲ្យយុវជនជាសង្សារបស់ខ្លួន ត្រូវរថយន្តអូសជាច្រើនម៉ែត្រ បោកក្បាលស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែង។ក្រោយកើតហេតុសព ជនរងគ្រោះត្រូ បានសាច់ញាតិ ដឹកយកទៅតម្កល់ធ្វើបុណ្យនៅវត្តតាំងក្រសាំង តាមប្រពៃណី៕