រថយន្តក្រឡុកស៊ីម៉ងត៍ រអិលធ្លាក់ប្រឡាយទឹកស្អុយ ផ្អើលមនុស្សចោមរោមមើល

0
917

ចេញផ្សាយ ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿងបត់មិនប្រយ័ត្ន នៅចំណុចផ្លូវកែង បណ្តាលឲ្យស្រុតផុងដី ចិញ្ចើមផ្លូវរអិលធ្លាក់ប្រឡាយទឹកស្អុយ។

ករណីខាងលើ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពានឆ្លងប្រឡាយ ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានឲ្យដឹងថា អ្នកបើកបរ ឈ្មោះ អៃ បេន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានគេចខ្លួនបាត់បន្ទាប់កើតហេតុ។ បើតាមសាក្សីអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿងម៉ាក FUSO ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3397 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ឆ្លងស្ពានហើយបត់ឆ្វេងចូលតាមផ្លូវដី ស្របប្រឡាយទឹកស្អុយ ដើម្បីទៅក្រុមហ៊ុន ដែលស្ថិតនៅក្បែរកន្លែកើតហេតុ ខណៈពេលបត់ចុះពីស្ពាន ស្រាប់តែកង់ក្រោយ បានស្រុតផុងដីមាត់ប្រឡាយ ហើយរថយន្ត ក៏រអិលធ្លាក់ចូលប្រឡាយទឹកស្អុយ តែម្តង។

តាមសាក្សី បានអោយដឹងទៀតថា ក្រោយគ្រោះថ្នាក់អ្នកបើកបរបានជាប់នៅក្នុងរថយន្ត ហើយត្រូវបានក្រុមជាងសំណង់ នាំគ្នាជួយបើកទ្វារយកចេញមកក្រៅ បន្ទាប់មកមិនបានប៉ុន្មាន អ្នកបើកបររូបនោះ គេចខ្លួនទៅបាត់ស្រមោល៕