ទឹកប្តូរនិស្ស័យចូលខ្លួន ជេរប្រពន្ធកូន ដុតម៉ូតូខានជិះ ត្រូវប៉ូលីសសម្រួលសរសៃទៀត

0
1018

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១

ពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីជនរូបនេះ ផឹកស្រវឹង ជេរប្រមាថ ប្រពន្ធកូន និង ដុតម៉ូតូមួយគ្រឿង បណ្តាលឱ្យឆេះគ្មានសល់ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិបត់រំដួល ស្រុកតាលោសែនជ័យ ដែលជាស្រុកបង្កើតថ្មីរបស់ខេត្តពោធិ៍សាត់។

សមត្ថកិច្ច ស្រុកតាលោសែនជ័យ បានឱ្យដឹងថា ជនបង្កជាប្តី ឈ្មោះ ជ័យ សុធិន អាយុ៣៤ឆ្នាំ ប្រពន្ធមានឈ្មោះ ង៉ោ គា អាយុ៤១ឆ្នាំ។ បើតាមសម្តីប្រពន្ធជនបង្កបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានផឹកស៊ីស្រវឹងហើយបានជេរប្រមាថ ប្រពន្ធនិងកូននៅផ្ទះមិនអស់ចិត្ត ក៏បានយកដំបងវាយម៉ូតូ មួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ រួចក៏ធ្វើសកម្មភាពដុត កម្ទេចចោលតែម្តង។

ក្រោយកើតហេតុ ប្រពន្វបានទៅប្តឹងសមត្ថកិច្ច ដើម្បីជួយធ្វើអន្តរាគមន៍ ហើយក្រោយសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរួច កម្លាំងក៏បានចុះមកឃាត់ខ្លួនជនបង្កយកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធីច្បាប់៕